ខេត្តកំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នង ដែលស្ថិតនៅក្នុងភូមិកំពង់រទះ សង្កាត់កំពង់រទះក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបន្ដបាក់ស្រុតចូលទៅក្នុងស្ទឹង ដែលធ្វើឲ្យខូចស្ទើរតែទាំងស្រុង ។
ក្រោយពីមានភ្លៀងធ្លាក់មួយមេធំកាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នងរងការបាក់ស្រុតស្ទើរតែទាំងស្រុង ចូលទៅក្នុងស្ទឹងសែន ដែលបង្កឲ្យការភ័យខ្លាច ដល់ប្រជាពលរដ្ឋដែលរស់នៅជិតគ្នានេះ។
ផ្ទះចំនួនពីរខ្នងនេះ គឺផ្ទះទី១ ជារបស់លោក សរ វ៉ារី និងលោកស្រី សួរ គឹមជាង រៀបបេតុងផ្នែកខាងក្រោម ខាងប្រក់ក្បឿង ជញ្ជាំងក្តារ។ រីឯផ្ទះទី២ ជារបស់លោក សួ ចាន និងលោកស្រី គឹម ង៉ែត ធ្វើអំពីឈើ ទាំងផ្នែកខាងលើ និងខាងក្រោម ប្រក់ក្បឿង។
ជាមួយគ្នានេះ ក្រោមការចង្អុលបង្ហាញពី លោក សុខ លូ អភិបាល ដែលមានលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ចុះដោយផ្ទាល់ធ្វើការរុះរើ និងលោក អ៊ុក កុសល ចាត់ឲ្យកងកម្លាំងស្នងការដ្ឋានខេត្តកំពង់ធំ និងមានការសហការណ៍ ចូលរួមពីកងកម្លាំងនគរបាលក្រុង បងប្អូនប្រជាពលរដ្ឋ ធ្វើការរុះរើ និងជញ្ជូន ទ្រព្យសម្បត្តិទៅកាន់កន្លែងមានសុវត្ថិភាព ។
លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានលើកឡើងថា កន្លងមកនៅទីកន្លែងនេះធ្លាប់មានការបាក់ស្រុតកាលពីឆ្នាំមុនម្តងរួចមកហើយ តែមិនមានកម្រឹតធ្ងន់ធ្ងរ ដូចពេលនេះ ប៉ុន្តែកន្លងមក រដ្ឋបាលក្រុងស្តឹងសែន បានចេញនូវ ស.ជ.ណ លេខ ២៥៨/១៨ ចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨ ដើម្បីធ្វើការផ្តល់ដំណឹង ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ឲ្យមានការប្រុងប្រយ័ត្ន និងតាមដាន លំនៅស្ថាន បើមានការប្រះស្រាំ និងបាក់ស្រុត ត្រូវធ្វើរាយការណ៍ទៅអាជ្ញាធរ និងរុះរើ ព្រមទាំងចាកចេញជាបន្ទាន់ លើសពីនេះទៅទៀតរាល់ការសាងសង់ និងការចាក់បំពេញដីនៅតាមដីក្បែរមាត់ស្ទឹង ត្រូវផ្អាកជាដាច់ខាត។
លោកបន្តថា ក្រៅពីនេះអាជ្ញាធរក្រុងក៏បានចុះកមណែនាំដោយផ្ទាល់ដល់បងប្អូនដែលរស់នៅតាមដងស្ទឹងសែនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ ក្នុងនោះដែរជាគោលការណ៍ របស់ លោក អភិបាលខេត្ត និងក្រុង កំពុងធ្វើការសិក្សាដី ក្នុងការដុះដូរជូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង ក្នុងក្រុង ដែលរំពឹងថា នឹងមានផលប៉ះពាល់ដោយសារការបាក់ស្រុតនេះផងដែរ។ តែក្នុងពេលឥលូវនេះស្ថានភាពចំពោះមុខ បងប្អូនដែលមានផលប៉ះពាល់ មានតែរស់ជាមួយបងប្អូន សាច់ញាត្តិ ឬកន្លែងទីតាំងមានសុវត្ថិភាពដែលក្រុងរៀបចំជូនជាបណ្តុះអាសន្នតែប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ហេតុការណ៍នេះ មិនបណ្តាលឲ្យមានការរងរបួស ឬបាត់បង់ជីវិត មនុស្សនោះទេ ៕ ប៊ុនរិទ្ធី