ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យជាឃាតកវាយសម្លាប់បុរសចំណាស់ម្នាក់ទម្លាក់ទឹកស្រះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុង តាមស្វែងចាប់ខ្លួនជនសង្ស័យជាឃាតក ដែលបានវាយសម្លាប់បុរសចំណាស់ម្នាក់ទម្លាក់ក្នុងទឹកស្រះក្រោយពីមានការរាំរែកមួយក្នុងពីធីមង្គលការអ្នកភូមិនៅក្នុងភូមិរួចហើយនោះ ។

​បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ មានករណីឃាតកម្មនៅចំណុចភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលមានជនរងគ្រោះឈ្មោះ សុខ កង ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិជំទាវ ឃុំប្ញស្សីក្រោកស្រុកមង្គលបូរី បានជិះម៉ូតូទៅចូលរួមពិធីមង្គលការបងប្អូន នៅក្នុងភូមិជាមួយគ្នានៅចម្ងាយពីផ្ទះជនរងគ្រោះប្រហែល១ពាន់ម៉ែត្រ ។ លុះបន្ទាប់មកក៏បាត់ជនរងគ្រោះមួយយប់មិនដឹងទៅណា ស្រាប់តែព្រឹកឡើងវេលាម៉ោង៦ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ត្រូវបានដឹងថាជនរងគ្រោះឈ្មោះ សុខ កង ត្រូវបានគេវាយសម្លាប់ទម្លាក់ចូលក្នុងទឹកស្រះ ។ នៅកន្លែងកើតហេតុគេឃើញមានគុលឈើ១ដើមស្នាមឈាម ក្រោយឃាតកវាយសម្លាប់ហើយទុកចោលនៅកន្លែងកើតហេតុ ។ បន្ទាប់ពីមានការប្រទះឃើញសពនោះហើយ គេសង្កេតឃើញកម្លាំងនគរបាល អាវុធហត្ថរួម អាជ្ញាធរមូលដ្ឋាន​រួមនិងគ្រូពេទ្យ ចុះទៅត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យសព ពិនិត្យឃើញថាជនរងគ្រោះពិតជារងការវាយសម្លាប់ដោយវត្ថុរឹងទៅលើផ្នែកក្បាលនិងផ្ទៃមុខ ។

​ជុំវិញអំពើឃាតកម្មខាងលើ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ប្រាប់ឲ្យដឹងថា រហូតដល់ពេលនេះ មុខសញ្ញាជនសង្ស័យជាឃាតក សមត្ថកិច្ចបានកំណត់រួចនោះហើយ ។ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

​លោកប្រាប់ឲ្យដឹងទៀតថា អំពើឃាតកម្មនោះអាចផ្តើមមកពីផឹកស្រាស្រវឹងរាំរែកប៉ះពាក្យសម្តីគ្នាក្នុងពិធីមង្គលការនោះ៕ សំ វិច្ឆិកា


ចែករំលែក៖