ព័ត៌មានទាន់ហេតុការណ៍៖

កាច់សោ.កម៉ូតូបានសម្រេច ត្រូវម្ចាស់ឃើញទាន់ស្រែកចោរៗផ្អើលសមត្ថកិច្ចចាប់ក្របួចជាប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ ឃាត់ខ្លួនជាក់ស្តែង បន្ទាប់ពិជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមួយគ្រឿងបានសម្រេច ហើយត្រូវម្ចាស់ឃើញទាន់ស្រែកចោរៗផ្អើលសមត្ថកិច្ចចាប់ក្របួចជាប់ភ្លាមៗតែម្តង ។

ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃ សុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៩និង១០នាទីព្រឹក ដែលប្រព្រឹត្តនៅចំណុចចំហៀងខាងជើងផ្ទះលេខ៣០ ផ្លូវលេខ១៤៦ ក្រុមទី៣២ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ មាន សម្បត្តិ ហៅ សម្បត្តិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ឈ្មោះ ឆេន សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវលេខ១៤៦ ក្រុមទី៣២ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមាន៖-ម៉ូតូមួយគ្រឿងម៉ាក Honda Wave X ស៊េរី 2006 ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 1N-7266 ដែល មានលេខតួ និងលេខម៉ាស៊ីន: 0506159 (ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពលួច) បាន ប្រគល់ឲ្យជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ -ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកTElEGO ពណ៌ខ្មៅមួយគ្រឿង និងម៉ាក G260 ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ ) ។

មន្រ្តីដដែរបន្តទៀតថា មុនពេលកើតហេតុនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៩និង០០នាទីព្រឹក ជនរងគ្រោះឈ្មោះ ឆេន សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ បាន ជិះម៉ូតូមួយគ្រឿងម៉ាក Honda Wave X ស៊េរី 2006 ពណ៌ស្លែរ ពាក់ស្លាក លេខ ភ្នំពេញ 1N-7266 មកចតទុក នៅចំហៀងខាងជើងផ្ទះ លើផ្លូវ លេខ១៤៦ ក្រុមទី៣២ ភូមិ១១ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួល គោក រាជធានីភ្នំពេញ រួចហើយជនរងគ្រោះបានចូលទៅក្នុងបន្ទប់ទឹកមួយភ្លែត ប្រហែល ១០នាទីក្រោយមក ស្រាប់តែមានជនសង្ស័យឈ្មោះ មាន សម្បត្តិ ហៅ សម្បត្តិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ និងបក្សពួក០២នាក់ទៀត ១-ឈ្មោះ ប៊ុន ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ វី ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Revo ពណ៌ខ្មៅ មិនច្បាស់ស្លាកលេខ មកធ្វើ សកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះដោយឈ្មោះ ប៊ុន និងឈ្មោះ វី ជាអ្នកចូលកាច់កម៉ូតូរួចហើយឈ្មោះ មាន សម្បត្តិ ហៅ សម្បត្តិ ជាអ្នកអូសបណ្ដើរម៉ូតូចេញ បាន ប្រហែល១០០ម៉ត្រ ភ្លាមនោះប្រពន្ធរបស់ជនរងគ្រោះបានឃើញទាន់ក៏ស្រែកថាចោរៗ ភ្លាមនោះជនសង្ស័យឈ្មោះ មាន សម្បត្តិ បានប្តួលម៉ូតូចោល បំរុងរត់គេចខ្លួន ត្រូវបានកំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី
២ ល្បាតការពារសុវត្ថិភាព ក្នុងមូលដ្ឋាននៅក្បែរនោះ ក៏ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ មាន សម្បត្តិ ហៅ សម្បត្តិ និងចាប់យកវត្ថុតាង ម៉ូតូរបស់ជនរងគ្រោះមកវិញ រួចបញ្ជូនជនសង្ស័យខាងលើយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់តែម្ដង ។ចំណែកបក្សពួក០២នាក់ ឈ្មោះ ប៊ុន និងឈ្មោះ វី បានជិះម៉ូតូគេចខ្លួនបាត់ ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ មាន សម្បត្តិ ហៅ សម្បត្តិ យើងបាន យកទឹកនោមជនសង្ស័យរូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹក នោម ជាលទ្ធផល មានភាព វិជ្ជមាន (មានសារធាតុញៀន ) ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ មាន សម្បត្តិ ហៅ សម្បត្តិ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បី សាកសួរ កសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖