ខេត្តពោធិ៍សាត់៖ បុរសចំណាស់ម្នាក់ ត្រូវបានម្ដាយនារីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ក្រោយពីបុរសរូបនេះចាប់រំលោភកូនក្រមុំរបស់គាត់បានសម្រេចច្រើនលើកច្រើនសារ ដោយគំរាមមិនឲ្យប្រាប់អ្នកដទៃ។
ការឃាត់ខ្លួនបុរសចំណាស់តណ្ហាក្រាស់រូបនេះ ធ្វើឡើងកាលម៉ោង៧៖១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរលាបប្រក ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្រ្ទែស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
នគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ការឃាត់ខ្លួនបុរសខាងលើនេះ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ បានប្ដឹងឈ្មោះ ម៉ែន ថា អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ពីបទចាប់រំលោភកូនស្រីរបស់គាត់អាយុ ១៧ឆ្នាំ បានសម្រេចជាច្រើនដង។
នារីរងគ្រោះ បានឲ្យដឹងថា ឈ្មោះ ថា បានចាប់រំលោភនាងជាច្រើនលើក ហើយរាល់ពេលរំលោភ ជនសង្ស័យបានគំរាមមិនឲ្យនិយាយប្រាប់ម្តាយ និង អ្នកដទៃទៀត បើហ៊ានប្រាប់គាត់សម្លាប់ចោល។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភនារីរងគ្រោះពិតប្រាកដមែន៕ ប៉ឹម ពិន