ខេត្តកណ្ដាលៈ ស្ត្រីម្នាក់បានដាច់ខ្យល់ ខណៈបញ្ជូនទៅសង្រ្គោះដល់មន្ទីរពេទ្យ និងមុស្ស២នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញមួយទំហឹង នៅថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៩និង០៥នាទី នៅលើកំណាត់ផ្លូវលេខ២១B ស្ថិតក្នុងភូមិវត្តកណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
មន្រ្តីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ សែ វួចឡាក់ ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិវត្តកណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដា គប់ជ្រុងធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ 1J-8555 ។ ចំណែកភាគីម៉ូតូម្ខាងទៀយម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM 4734 បើកបរដោយឈ្មោះ ផា រ៉េម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) រួមដំណើរជាមួយឈ្មោះ មាន ផល្លា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកសិករ (របួសស្រាល) ។ ជនរងគ្រោះទាំង២នាក់ជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះស្រ្តីរងគ្រោះស្លាប់បាត់បង់ជីវិតជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីត្បូងទៅជើង លុះជិះមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវដោយមិនបានមើលមុខមើលក្រោយនោះទេ ខណៈនោះក៏មានម៉ូតូមួយគ្រឿងទៀតធ្វើដំណើរច្រាស់ទិសគ្នាឈប់មិនទាន់បានបុកពេញមួយទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ រីឯអ្នកជិះម៉ូតូ២នាក់ទៀតទទួលរងរបួសធ្ងន់និងស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានចុះធ្វើការអន្តរាគមន៍វាស់វែងកន្លែងកើតហេតុ និងកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ