ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី១ ដែលត្រូវជាឆ្នាំទី ៧ (លើកទី ៧) សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នេះ លោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងប្រគល់ថវិកា $1,000,000 (មួយលានដុល្លារអាមេរិក) ជាលើកទី ១ (ជាថវិកាទទួលបានពីសប្បុរសជនក្នុងទិវា ៨ ឧសភា) ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានគណៈប្រតិភូដឹកនាំដោយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងពេលនោះដែរ។

ក្នុងឱកាសជួបសវនាការនោះ លោកស្រីអនុប្រធាន បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ។ ជាមួយគ្នានោះ លោកស្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះគណៈប្រតិភូ ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងព្យាបាលជំងឺជូនស្ត្រីមានផ្ទៃពោះឆ្លងទន្លេ និងកុមារកម្ពុជារាប់ពាន់ រាប់ម៉ឺននាក់។ ទន្ទឹមនឹងនោះ លោកស្រី ក៏បានរំលឹកពីប្រវត្តិស្នាដៃរបស់ លោក បេអាត រិចនឺ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីស្រោចស្រង់អាយុជីវិតរបស់កុមារកម្ពុជាបានរាប់លាននាក់ក្នុងពេលកន្លងមក។

ជាកិច្ចឆ្លើយតប លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិនេះ បានផ្តួចផ្តើមបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញលើកទឹកចិត្តដល់បុគ្គលិកទាំងអស់បន្តនូវការបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានគាំទ្រកាន់តែច្រើនពីសំណាក់សប្បុរសជនជាតិ និងអន្តរជាតិ ជាពិសេស ធានាបាននូវនិរន្តរភាពរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តទ្រទ្រង់ដល់សុខុមាលភាពរបស់ស្ត្រី និងកុមារកម្ពុជា។

សូមបញ្ជាក់ថា នេះជាលើកទី ១ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយដែលត្រូវជាឆ្នាំទី ៧ (៧លើក) សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា គិតពីឆ្នាំ ២០១២ បន្តបន្ទាប់មក៕


ចែករំលែក៖