ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ​ឈ្មួញ​​អាច​នាំចូល​ទំនិញ​ខូចគុណភាព និង​ចំណីអាហារ​មាន​លាយ​សារធាតុ​គីមី​លក់​ចែកចាយ​​ស្រុក​ខ្មែរ​ដោយសារ​ការ​ឃុបឃិត​ពី​មន្ត្រី​កាំកុងត្រូល​នៅច្រកព្រំដែន

ចែករំលែក៖

មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា ការដែល​ឈ្មួញ​​អាច​នាំចូល​ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ និង​ចំណីអាហារ​មាន​លាយ​សារធាតុ​គីមី​មក​លក់​ចែកចាយ​ពេញទី​ផ្សារ​ស្រុក​ខ្មែរ គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល​នៅតាម​ច្រកព្រំដែន​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរ​ពិនិត្យឡើងវិញ​ទៅលើ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​ម​ន្ត្រី​កាំកុងត្រូល​នៅតាម​ច្រកព្រំដែន ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ ដោយហេតុថា​សូម្បីតែ​ប្រហុក​មាន​លាយ​សារធាតុ​គីមី ក៏​ឈ្មួញ​អាច​នាំចូល​ពី​ប្រទេសវៀតណាម​មក​លក់​ចែកចាយ​ពេញទី​ផ្សារ​ស្រុក​ខ្មែរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ​យ៉ាង​ពេញបន្ទុក​ដែរ​។

កាលពីពេល​ថ្មីៗ​នេះ​ប្រហុក​សាច់​ត្រី​ដែល​មន្ត្រី​កាំកុងត្រូល​រកឃើញ​មាន​លាយ​សារ​ធាតុគីមី​ហាមឃាត់​ប្រមាណ​ជាង​១​តោន កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅក្នុង​ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ត្រូវបាន​សមត្ថកិច្ច​ដុតបំផ្លាញ​ចោល​រួចហើយ​។ ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​គ្មាន​ជំនឿ​លើ​មន្ត្រី​កាំកុងត្រូល​ខេត្តតាកែវ ក្នុងការ​បង្ក្រាប​ទប់ស្កាត់​ករណី​ឈ្មួញ​នាំចូល​ប្រហុក​មាន​លាយ​សារ​ធាតុគីមី និង​បន្លែបង្ការ​មាន​លាយ​សារធាតុ​គីមី​ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​យួន​នោះទេ​។ ជាក់ស្ដែង​ករណី​ឈ្មួញ​នាំចូល​ប្រហុក​មាន​លាយ​សារ​ធាតុគីមី​មក​លក់​ចែកចាយ​ក្នុងស្រុក​ទ្រាំង ខេត្តតាកែវ គឺជា​រឿង​ដដែលៗ​ហើយ​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​នោះទេ ព្រោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។

ដោយឡែក​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង ថ្មីៗ​នេះ​សមត្ថកិច្ច​បាន​ចាប់​ពងមាន់​ខូចគុណភាព​៨១០០​គ្រាប់​ស្មើនឹង​២៧០​ប្លា​(​កញ្ច្រែង​)​នៅពេលដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​សៀម ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង​។ ក្រោយពេល​បង្ក្រាប​សមត្ថ​កិច្ច​បាន​ដកហូត​ពងមាន​ទាំងនោះ​ពី​ឈ្មួញ​យកទៅ​កម្ទេចចោល​ភ្លាមៗ​នៅក្បែរ​មាត់ច្រក​តែម្តង​ដើម្បី​កុំ​ឲ្យ​ឈ្មួញ​យកទៅលក់​ចែកចាយ​នៅ​ទីផ្សារ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​ទទួលទាន​។ មានការ​អំពាវនាវ​ដ​ដែលៗ​ដើម្បី​ឲ្យ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម ចាត់វិធានការ​រឹត​ប​ន្ទឹ​ង​បន្ថែមទៀត​ទៅលើ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកព្រំដែន​ទូទាំងប្រទេស ទើប​អាច​ទប់ស្កាត់​ករណី​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព និង​ចំណីអាហារ​មាន​លាយ​សារធាតុ​គីមី​ ៕


ចែករំលែក៖