ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័រ ម្ចាស់ជាន់ហ្គែជ្រុលបុកបង្គោលភ្លើង​ ខូចខាតកាងមុខយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បើករខ្វះការប្រុងប្រយ័ត្ន បានជាន់ហ្គែរថយន្តច្រលំហ្វ្រាំង ក៏ជ្រុលចង្កូតទៅបុកនឹងបង្គោលភ្លើងទាំងកំរោល បណ្ដាលឲ្យរថយន្តបែកធុងទឹក​ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានមនុស្សរងរបួស ។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្វះការប្រុងប្រយ័ត្នខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង​៩និង៣០នាទីព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៣១០​ សង្កាត់ទួលដ្វាយព្រៃ១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

រថយន្តម៉ាកតូយូតា ហាយឡែនឌ័រ​ ពណ៌ស​ ពាក់ស្លាកលេខ ​ភ្នំពេញ​ 2AM-1686​ បើកបរដោយបុរសម្នាក់ ដែលមិនបញ្ជាក់អត្តសញ្ញាណ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញរថយន្តខាងលើបានចតទុកចោលនៅលើចិញ្ចឹមផ្លូវ​ ក្បែរបង្គោលភ្លើងខាងលើ ពេលនោះក៏មានបុរសម្នាក់ដែលជាម្ចាស់​ មកបើករថយន្តក្នុងគោលបំណងធ្វើដំណើរចេញទៅក្រៅ​ ភ្លាមនោះ​មិនដឹងមូលហេតុអ្វីរថយន្តរបស់គាត់បាន ជ្រុលចង្កូតទៅមុខបុកនឹងបង្គោលភ្លើងតែម្តង​ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសទេ​ គ្រាន់តែ​រថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ តែមិនបានវាស់វែងទេ​ រង់ចាំនគរបាលជំនាញ និងបុគ្គលិកអគ្គិសនីជាតិមកត្រួតពិនិត្យ​ និងធ្វើការសម្របសម្រួលគ្នា​បញ្ចប់រឿងតែម្តង ព្រោះបង្កោលភ្លើងមិនមានអ្វីខូចខាតខ្លាំងនោះទេ ៕ ស រស្មី


ចែករំលែក៖