ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពេញបណ្ដាញអ្នកប្រើសង្គមហ្វេសបុកគ្រប់ៗគ្នា ខណៈដែលមានអាខោនហ្វេសបុកឈ្មោះថា អភិវឌ្ឍន៍ស្វាយរៀងបានរិះគន់ដល់លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀធ្វើលិខិតដាក់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំបញ្ចូលបុគ្គលពីររូបក្នុងក្រមខណ្ឌជាមន្ត្រីសាលាខេត្តស្វាយរៀង ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងប្រជែង និងឆ្លងវគ្គបណ្តុះបណ្តាលឡើយ ដែលបញ្ហានេះជារឿងខុសច្បាប់ទាំងស្រុង ។
យោងតាមលិខិតលេខ១១៤/១៨ល ស ចុះថ្លៃទី១៦ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ ដែលបានដាក់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោក ប្រាក់ សុវណ្ណ អភិបាលរង ខេត្តស្វាយរៀង បានស្នើសុំបញ្ចូលនិស្សិតក្រីក្រដែលមានជីវភាពក្រីក្រ២នាក់ ដើម្បីបញ្ចូលឲ្យបម្រើការងារ ជាមន្ត្រីក្រមខណ្ឌសាលាខេត្តស្វាយរៀង នៃក្រសួងមហាផ្ទៃ។
លិខិតរបស់លោកអភិបាលរងខេត្តបង្កឲ្យមានប្រតិកម្ម និងរងការរិះគន់យ៉ាងខ្លាំងនោះពីសំណាក់មន្ត្រីរាជការ ដែលអាងខ្លួនជាអភិបាលរងខេត្តហ៊ានធ្វើលិខិតទៅក្រសួងមហាផ្ទៃដើម្បីបញ្ចូលបុគ្គលចំនួនពីរនាក់ដែលមានឈ្មោះ លី គឹមស៊ុង ភេទប្រុស អាយុ២៨ឆ្នាំ បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ទីលំនៅបច្ចប្បន្នភូមិក្របៅជួរ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង និង ឈ្មោះ ប្រាក់ វិច្ឆិកា ភេទស្រី អាយុ ២៣ឆ្នាំ បានបញ្ចប់បរិញ្ញាប័ត្រ សកលវិទ្យាល័យស្វាយរៀង ទីលំនៅបច្ចប្បន្នរស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជាសិស្សនិស្សិតជីវភាពក្រីក្រ ក្លាយជាមន្ត្រីរាជការបម្រើរការងារក្នុងរដ្ឋបាលខេត្តស្វាយរៀង ខុសនឹងច្បាប់រដ្ឋបាល។
បើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផេកមានឈ្មោះ «អភិវឌ្ឍន៍ ស្វាយរៀង» បានសរសេថា «ថ្មីៗ ក្តៅៗ ហុយៗ…បែកធ្លាយ លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង ធ្វើលិខិតទៅសម្តេចក្រឡាហោមដោយបំពានច្បាប់»។ ក្នងបណ្តាញហ្វេសប៊ុកដដែលបានសរសេរទៀតថា «មិនដឹងថា លោក ប្រាក់ សុវណ្ណ ទទួលសំណូកពីសាម៉ីខ្លួនប៉ុន្មានទេ? សូមបញ្ឈប់សកម្មភាពបែបនេះភ្លាមទៅ ហើយឈប់ដើរយកលុយចូលក្របខណ្ឌ»។
តាមហ្វេសប៊ុកផេកឈ្មោះ «អភិវឌ្ឍន៍ ស្វាយរៀង» បានបញ្ជាក់ថា អភិបាលរងសោះ ខ្លាំងជាងចៅហ្វាយខេត្តទៀត។
ក្នុងនោះហ្វេសប៊ុក ឈ្មោះ Sothyrak Yuth បានសរសេរក្នុងខមមិនរបៀបដៀបឌាមថា “ស្រូលម្យ៉ាងដែរតើ! សុំដាក់ម្នាក់ទៀតផង គ្នាក្រណាស់ប្រឡងមិនដែលជាប់សោះ” ។ ចំណែក ហ្វេសប៊ុកមានឈ្មោះ «សូរ បូរាណ» បានខមមិន ថា “ចប់ហើយរដ្ឋបានយើងមិនសុំយោបល់ទៅគណៈអភិបាលខេត្ត” និងមាន ខមមិន ជាច្រើនទៀតបានរិះគន់យ៉ាងចាស់ដៃផងដែរ។
សម្រាប់ហ្វេសប៊ុកផេកមានឈ្មោះ Loy Sam បានខមមិនថា “លិខិតខាងលើនេះ បានដកហូតវិញហើយ ដោយកំហុសបច្ចេកទេស” ។
សូមរំឭកថា លោក ប្រាក់ សុវណ្ណ ជាអតីតអភិបាលស្រុកកំចាយមារ នៃខេត្តព្រៃវែង ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យប្រកាសតែងតាំងជាអភិបាលរងខេត្តស្វាយរៀង និងដំឡើងឋានន្តរស័ក្តិជាវរមន្ត្រីថ្នាក់លេខ១ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ។
ក្រុមអ្នកវិភាគបាននិយាយថា បើតាមមើលលិខិតស្នើសុំរបស់លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀងនេះ វាខុសបែបបទរដ្ឋបាលជាពិសេសផ្ទុយនឹងច្បាប់តែម្តង។ ប្រភពនិយាយមិនតែប៉ុណ្ណោះលិខិតនេះបានរំលោភអំណាចរបស់ចៅហ្វាយខេត្តផងដែរ។
ក្រុមអ្នកវិភាគនិយាយទៀតថា ប្រសិនបើការជ្រើសរើសមន្ត្រីរាជការស្នើសុំដាក់បញ្ចូលក្រមខណ្ឌបានស្រេចតែអំពើចិត្តអញ្ចឹងមែននុះ! មិនខ្វះទេសិស្ស និសិ្សតក្រីក្រដែលមានបំណងចង់ចូលបម្រើរការងាររដ្ឋ។ ប្រសិនបើកករណីខាងលើនេះ អាចដាក់បញ្ជូលក្រមខណ្ឌថ្មីបានដូចអ្វីដែលលោក ប្រាក់ សុវណ្ណ ស្នើមកកាន់សម្តេចក្រឡាហោម ស ខេង ដោយមិនចាំប្រឡងនោះគឺអយុត្តិធម៌បំផុតសម្រាប់សិស្ស និស្សិតផ្សេងៗទៀត។
ពាក់ពន្ធ័និងករណីខាងលើនេះលោក រស់ ផារិទ្ធ នាយករដ្ឋបាលសាលាខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៏មានដឹងថា ករណីលិខិតស្នើសុំបញ្ចូលក្រមខណ្ឌនិស្សិតពីររូបឲ្យក្លាយជាមន្ត្រីសាលាខេត្តស្វាយរៀង ដាក់ទៅក្រសួងមហាផ្ទៃរបស់លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀងនោះ រដ្ឋបាលខេត្តមិនបញ្ជូលលិខិតនេះទៅកាន់ក្រសួងមហាផ្ទៃឡើយ ព្រោះវាខុសលក្ខខណ្ឌបច្ចេកទេលផ្នែកក្បាល បែបរដ្ឋបាលចំពោះអ្នកបោះត្រា។
នាយករដ្ឋបាលសាលាខេត្តរូបនេះ បានបន្តទៀតថា «តាមពិតប្រសិនបើជាចង់ស្នើសុំជាលក្ខណៈបុគ្គល ឬឯកជនជាសិទ្ធិរបស់គាត់ហើយបានលទ្ធផលយ៉ាងណានោះជារឿងគាត់។ សម្រាប់ការប្រើលិខិតរដ្ឋបាលខេត្តត្រូវបានផ្អាក»។ លោកបន្តថា តាមពិតអ្នកណាក៏មានសិទ្ធិស្នើដែរជារូបវន្តបុគ្គល បានឬមិនយ៉ាងម៉េចជារឿងមួយ។
នាយករដ្ឋបាលដដែលបន្ថែមទៀតថា «កំហុសមកពីអ្នកបោះត្រាដោយឃើញថា មិនយល់ ដោយមានហត្ថលេខាពីលោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តអ្នកកាន់ត្រាក៏បោះទៅ ដោយមិនបានសួរនាំមកលើថាគួរបោះឬមិនគួរបោះនោះមិនបានសួរទេ។ កន្លងមកលោកធ្លាបបានណែនាំជារឿងៗពាក់ព័ន្ធ ការបោះត្រានេះមុននឹងបោះត្រូវតែពិនិត្យមើលឲ្យល្អិតល្អន់ បើមិនច្បាស់ត្រូវសួរមកនាយករដ្ឋបាលសិន ដើម្បីពិនិត្យ»។
ចំពោះលោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀងនគរវត្ត នឹងរង់ចាំការបំភ្លឺពីលោកពាក់ពន្ធ័នឹងករណីដែលដូចការចោទប្រកាន់ខាងលើនេះផងដែរ ៕ យឹម សុថាន