ខេត្តសៀមរាប ៖ អាកូនចិត្តតិរច្ឆានផឹកស៊ីស្រវឹងខឹងឪពុកស្តីបន្ទោស ស្ទុះទៅចាក់ឪពុកជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មរួចរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួន ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១៨និង១០នាទីថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
មន្ត្រីនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ប៉ក់ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកសិករ នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ចំណែកជនសង្ស័យឈ្មោះ ប៉ក់ ផាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំខាងលើ។
ប្រភពដដែលបន្តថាមុនពេលកើតហេតុ ជនរងគ្រោះមានជម្លោះពាក្យសំដីជាមួយជនសង្ស័យអំពីរឿងជនសង្ស័យមិនជួយធ្វើការងារផ្ទះ ដើរតែផឹកពេលចូលផ្ទះម្តងៗសុំតែលុយ ក៏កើតរឿងឈ្លោះគ្នាជនសង្ស័យដើរចេញពីផ្ទះបាត់លុះដល់ល្ងាចថ្ងៃដដែលជនសង្ស័យបានត្រឡប់ចូលផ្ទះវិញ ដោយមានសភាពស្រវឹងពេលនោះជនសង្ស័យ និងជនរងគ្រោះក៏មានការឈ្លោះប្រកែកគ្នាបន្តទៀត ដោយជនរងគ្រោះនិយាយដដែលៗ អំពីរឿងជនសង្ស័យដើរផឹកទើបជនសង្ស័យខឹងក៏បានយកកាំបិតផ្លែដែកដងឈើចាក់មកលើជនរងគ្រោះត្រូវចំគល់ដោះខាងស្តាំបណ្តាលឲ្យស្លាប់តែម្តង។
តាមការបំភ្លឺពីឈ្មោះ សួន លាំ អាយុ៥៧ឆ្នាំ ជាប្រពន្ធជនរងគ្រោះនិងជាម្តាយជនសង្ស័យបានបំភ្លឺទាំងមិនអស់សេចក្តីថាប្តីរបស់គាត់និងកូនពិតជាមានជម្លោះនិងគ្នាមែនអំពីរឿងកូនដើរផឹកនិងកូនសុំលុយទៅធ្វើប៉ាស់ស្ព័រទៅប្រទេសថៃប៉ុន្តែប្តីរបស់គាត់មិនឲ្យលុយទើបទាស់គ្នានៅពេលកើតហេតុនេះគាត់កំពុងដាំបាយនៅក្នុងផ្ទះលឺសំលេងកូននិងប្តីទាស់គ្នានៅខាងលិចផ្ទះមួយសន្ទុះក្រោយមកឃើញប្តីដេកដួលក្រោយផ្ទះដោយមានឈាមប្រឡាក់ពេញខ្លួនចំណែកកូនជិះម៉ូតូចេញទៅបាត់មិនដឹងមូលហេតុ ទើបគាត់ស្រែកប្រាប់គេឲ្យជួយប៉ុន្តែប្តីបានស្លាប់បាត់ហើយ។ តាមការបំភ្លឺពីឈ្មោះហ៊ាង ធឿន អាយុ១០ឆ្នាំ ត្រូវជាចៅជនរងគ្រោះស្នាក់នៅផ្ទះជាមួយបានបំភ្លឺថា រូបគេត្រូវបានយាយ(សួន លាំ)ប្រើដាំបាយនៅក្បែរផ្ទះចំណែកតា(សុខ ប៉ក់)គាត់បោសសំរាមមុខផ្ទះពេលនោះមារបស់គេ ប៉ក់ ផាន់ មិនដឹងមកពីផឹកស្រាឯណាទេ ពេលមកដល់គាត់ឈ្លោះគ្នាជាមួយតាប៉ក់ តាប៉ក់បានស្តីឲ្យថាដើរតែផឹកមិនគិតការងារផ្ទះទេ មា ផាន់តបវិញថាកុំរអ៊ូពេក ខ្ញុំធំខ្ញុំដឹងហើយ ពួកគាត់ឈ្លោះគ្នាទៅមក តា ប៉ក់ ក៏និយាយថា អាហែងចូលមកអញមិនខ្លាចងាប់ទេ លឺដូចនេះមា ផាន់ក៏ឡើងទៅយកកាំបិតនៅលើជង្រុកស្រូវដើរសំដៅទៅតា ប៉ក់ ពេលនោះដែរ យាយ លាំ បានចូលទៅឃាត់ ប៉ុន្តែឃាត់ មា ផាន់មិនឈ្នះ មាផាន់ក៏យកកាំបិតនោះចាក់ទៅលើតា ប៉ក់ ត្រូវចំដើមទ្រូងដួលដេកដីចេញឈាម នៅក្បែររបងមុខផ្ទះពេលនោះខ្ញុំខ្លាចបានរត់មកខាងកើតផ្ទះ មិនដឹង មា ផាន់យកកាំបិតទៅទុកឯណាទេ បន្ទាប់មក យាយលាំនិងមា ផាន់បានអូស តា ប៉ក់មកក្រោយផ្ទះ ហើយមា ផាន់បានជិះម៉ូតូចេញពីផ្ទះទៅលិច ចំណែកយាយលាំឲ្យខ្ញុំរត់ទៅប្រាប់តាយ៉យឲ្យមកជួយមើលតាផាន់ហើយខ្ញុំក៏បានដេកនៅផ្ទះតាយ៉យ។
ដោយផ្អែកលើការបំភ្លឺ និងវត្ថុតាង(កាំបិត)ចាប់យកបាននៅកន្លែងកើតហេតុគឺពិតជាជាជនសង្សយ័បានប្រព្រឹត្តលើជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវដើម្បីឃាត់ខ្លួនជនសង្ស័យយកផ្តន្ទាទោសតាមច្បាប់ ៕ ប៊ុនរិទ្ធី