ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សាទៅលើជនរងគ្រោះ៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖បុរសម្នាក់ក្នុងចំណោម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ដោយសារបានប្រើហិង្សាវាយទៅលើភាគីរងគ្រោះ បណ្ដាលឲ្យរងរបួស៣នាក់ គ្រាន់តែសំឡឹងមើលមុខតែប៉ុណ្ណោះ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅរង្វង់មូលកន្លែងប្រគំតន្ត្រីស្រាបៀរហ្គេនស្បឹកភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ច ក្រុងស្វាយរៀងបានឲ្យដឹងថា យុវជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សូ ដារាវីឡា អាយុ២៤ឆ្នាំ មុខរបរជា និស្សិតមានទីលំនៅភូមិតាហោ សង្កាត់ពោតាហោ ក្រុងស្វាយរៀង។ ចំណែកយុវជនសង្ស័យដែលគេចខ្លួនមាន ឈ្មោះជាតិ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅតាជៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួន។

ចំណែកភាគីរងគ្រោះមានឈ្មោះទី១ តុំ កក្ដដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងកញ្ចក់ រស់នៅភូមិអណ្តូងចេក ឃុំជើងត្រៀវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ដោយរងរបួសបែកក្បាលធ្ងន់។ ទី២ ឈ្មោះថេង ស្រស់ ភេទប្រុស អាយុ២០ឆ្នាំ ជាងកញ្ចក់រស់នៅភូមិតាសូ ឃុំជើងគ្រាវ ស្រុករលាប្ពៀ ខេត្តកំពងឆ្នាំង និងទី៣ មានឈ្មោះសេន សុវុន ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិអណ្តូងចេក ឃុំជើងត្រៀវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគឺនៅចំណុចរង្វង់មូលកន្លែងប្រគំតន្ត្រីហង្សមាស ខណៈមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាមកលេងកម្សាន្តយ៉ាងច្រើនកុះករ បន្ទាប់មកស្រាប់តែមានជនសង្ស័យ២នាក់បានអង្គុយលេងក្បែរនោះ។

ប្រភពបន្តថា ក្រោយមកស្រាប់តែមានភាគីជនរងគ្រោះបានដើរមកជិត និងសំឡឹងមើលមុខធ្វើឲ្យជនសង្ស័យក្រឡេកមើលដែរ ក៏មានជម្លោះក៏ស្ទុះដកហូតខ្សែក្រវាត់ពីខោរបស់ខ្លួនវាយយ៉ាងសន្ធប់ទៅលើជនរងគ្រោះ ក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ ចេញមកអន្តរាគមន៍ឃាត់ចេញទើបសមត្ថកិច្ចបានមកដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់មកសាកសួរ និងម្នាក់ទៀតក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ ៕ យឹម សុថាន


ចែករំលែក៖