ខេត្តកំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំដឹកនាំដោយលោកសុខ លូ ស្ងាត់ស្ងៀមឈឹងចំពោះបទល្មើសព្រៃឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលយល់ថា លោកសុខ លូ ទំនងសើមមាត់សើមកជាមួយលោកប៊ុន សុធី នោះហើយទើបមិនព្រមឆ្កឹះ ឬចាត់វិធានការបញ្ជាយ៉ាងណាឲ្យពួកមេព្រៃបង្ក្រាបបទល្មើសព្រៃឈើ ។ លោកសុខ លូ ត្រូវបានប្រជាពលរដ្ឋអះអាងថា ទំនងជាក្រោមលេសការងារច្រើនដូច្នេះទើបមិនអាចចាត់វិធានការរឿងបទល្មើសព្រៃឈើបាន ។ ប៉ុន្តែក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត លោកគួរតែសួរនាំខ្លះអំពីបញ្ហាបទល្មើសព្រៃឈើ មិនមែនទុកឲ្យពួកមេព្រៃជិះសេះលែងដៃដូច្នេះទេ ។
តាមការកត់សម្គាល់របស់មន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពេលលោក ប៊ុន សុធី ចូលកាន់តំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ជំនួសលោក តឹប ញាតា ដែលត្រូវដកចេញនោះគឺបទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំ ពុំមានការថយចុះឡើយ។ ជាក់ស្ដែងបច្ចុប្បន្នឈ្មួញនិងក្រុមជនល្មើសជាច្រើននាក់នៅតែអាចកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់និងតំបន់ព្រៃអង់តែន យ៉ាងពេញបន្ទុក ហើយលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសនោះទេ។ ហេតុនេះហើយទើបមានការរិះគន់ចំៗថា លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ កំពុងប្រើតួនាទីនិងអំណាចដើម្បីប្រមូលលុយស្រង់ដើមដោយទុកឲ្យបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តកំពង់ធំ រាលដាលកាន់តែខ្លាំងជាងមុនទៅទៀត។
ក្នុងខណៈដែលបទល្មើសបំផ្លាញព្រៃឈើក្នុងខេត្តកំពង់ធំ នៅតែកើតឡើងយ៉ាងពេញបន្ទុកគឺលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបមជ្ឈដ្ឋានខ្លះរិះគន់ថា លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ គឺជាអ្នកឃុបឃិតឲ្យលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ធ្វើអ្វីៗតាមអំពើចិត្តហើយប្រហែលមានការបែងចែកផលប្រយោជន៍ជាប្រចាំ។ មន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ មួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ទេនោះគឺលោក ប៊ុន សុធី មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួននោះទេ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា បច្ចុប្បន្ននេះឈ្មួញមួយចំនួននៅតែបន្តសកម្មភាពដឹកជញ្ជូនឈើគ្រញូងនិងឈើប្រណីតផ្សេងៗទៀតពីខេត្តឧត្ដរមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ យ៉ាងរលូនព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។ ជាងនេះទៅទៀតឈ្មួញមួយចំនួននៅតែបន្តសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ តំបន់ព្រៃអង់តែន យ៉ាងពេញបន្ទុកព្រោះអភិបាលខេត្តកំពង់ធំ ក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើឲ្យស្របទៅតាមបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាលនោះទេ។
ប្រភពដែលស្និទ្ធនឹងលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានបង្ហើបឲ្យដឹងថាលោក សុខ លូ អភិបាលខេត្តកំពង់ធំនិងលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ គឺជាខ្នងបង្អែកយ៉ាងរឹងមាំរបស់លោក ប៊ុន សុធី ហេតុនេះហើយទើបលោក ប៊ុន សុធី កំពុងសប្បាយប្រមូលលុយពីបទល្មើសព្រៃឈើដែលនៅតែកើតឡើងយ៉ាងរាលដាល ។
អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើរបស់លោកអ៊ុង សំអាត ត្រូវគេមើលឃើញថា ងាប់ត្រគៀកស្តូកឈឹង ។ ងាប់ត្រគៀកស្តូកមិនឮចាត់វិធានការអ្វីសោះនោះ ធ្វើឲ្យប្រជាពលរដ្ឋយល់ថា ដោយសារតែមន្ត្រីថ្នាក់ខេត្ត តួយ៉ាងដូចជាលោក ប៊ុន សុធី សែនថ្វាយគ្រប់គ្រាន់រាល់ពេលហើយមើលទៅបានជាផ្តល់ឱកាសឲ្យមេព្រៃខេត្តកំពង់ធំរូបនេះធ្វើអ្វីតាមអំពើចិត្ត ។ មិនត្រឹមតែប៉ុណ្ណោះ មេព្រៃរូបនេះត្រូវគេមើលឃើញថា ជាអ្នកដែលឃុបឃិតសាងបទល្មើសព្រៃឈើថែមទៀតផង ។ ឱកាសដែលនៅសេសសល់តិចតួចគឺជាពេលវេលាដែលលោកប៊ុន សុធី កំពុងផ្តាច់ផ្តិលព្រៃឈើដែលនៅសេសសល់ក្នុងខេត្តកំពង់ធំឲ្យរលាយសូន្យតែម្តង ៕ ប៊ុនរិទ្ធី