ព័ត៌មានទាន់ហេតុការណ៍៖

វិនិយោគិនអ៊ីតាលីបោះទុន៧,៥លានដុល្លារសាងសង់បុរីលំហែប្រណីតនៅព្រែកឯង

ចែករំលែក៖

ភ្នំពេញ៖ អ្នកវិនិយោគអ៊ីតាលីបានប្រកាសលក់ជាផ្លូវការ នូវលំនៅដ្ឋានបែបលំហែរកាយប្រណីតថ្មីមួយ ដែលបោះទុនវិនិយោគ៧,៥លានដុល្លារអាមេរិក ។ គំរោងថ្មីនេះនឹងសាងសង់បែរមុខទៅមាត់ទន្លេមេគង្គក្រោម ស្ថិតក្នុងសង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អ្វីដែលប្លែកនិងគួរឲ្យចាប់អារម្មណ៍គឺគំរោងនេះមានការរចនាម៉ូតផ្ទះតាមរចនាបទអ៊ីតាលី និងដែលមានផ្ទះសរុបចំនួន១៧វីឡា ដែលជាប្រភេទវីឡាប្រណីត ដោយលក់ក្នុងតម្លៃចន្លោះពី២០៦,០០០ដល់ជាង៩៩ម៉ឺនដុល្លារអាមេរិក។នេះបើយោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនCentury21 Cambodiaដែលបានក្លាយជាភ្នាក់ងារលក់ផ្តាច់មុខនៃគំរោងនេះបានឲ្យដឹងថា គំរោងវីឡាប្រណីតនេះនឹងសាងសង់លើផ្ទៃដីជាង៧០០០ម៉ែត្រការ៉េ និងជាគំរោងវិនិយោគដោយអ្នកវិនិយោគមកពីបារាំង អ៊ីតាលី និងអ្នកវិនិយោគក្នុងស្រុក។សេចក្តីប្រកាសដដែលបន្តថា “វាជាគំរោងវីឡាប្រណីត ដែលមានPrivate swimming Pool និងមានការឌីសាញម៉ូតផ្ទះបែបអ៊ីតាលី និងបំពាក់សម្ភារៈបរិក្ខាសុទ្ឋតែជាផលិតផលនាំចូលមកពីប្រទេសអ៊ីតាលីផងដែរ”។

នាយកប្រតិបត្តិនៃក្រុមហ៊ុនCentury21 Cambodiaបានថ្លែងថា នេះជាគំរោងវីឡាប្រណីតតំបូងបំផុតនៅកម្ពុជា ដែលមានការរចនាម៉ូតផ្ទះដ៏ទំនើប និងមានរចនាបទបែបអ៊ីតាលី។ អ្វីដែលកាន់តែពិសេសវីឡាប្រណីតនេះ សាងសង់ឡើងនៅជាប់មាត់ទន្លេ ដែលមានខ្យល់អាកាស និងទេសភាពដ៏ស្រស់ត្រកាល និងអាចមើលឃើញសម្រប់ទីក្រុងភ្នំពេញយ៉ាងប្រណីត។លោកបន្តថា “ការសាងសង់លំនៅដ្ឋាននៅតាមមាត់ទន្លេ មិនសូវពេញនិយមនៅកម្ពុជាច្រើននៅឡើយទេ ប៉ុន្តែគំរោងបែបនេះមានការពេញនិយម នៅបណ្តាប្រទេសរីកចម្រើននានា”។

អ្វីកាន់តែគួរឲ្យចាប់អារម្មណ៍ គឺវីឡាដែលមានតម្លៃជាង៩៩ម៉ឺនដុល្លារ ដែលមានតែចំនួនពីរក្នុងគំរោងនេះ ជាប្រភេទវីឡា ដែលមានរោងកុនឯកជន មានបណ្ណាល័យ មានកន្លែងលេងស្នូកឃឺ ជាដើម។សេចក្តីប្រកាសព៌តមានបានឲ្យដឹងទៀតថា ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍថ្មី គំរោងនេះនឹងរៀបចំការសាងសង់ និងរចនាម៉ូតផ្ទះ ដោយប្រើប្រាស់ប្រព័ន្ឋសូឡាមកប្រើប្រាស់ច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងជាការចូលរួមលើកកំពស់ការការពារបរិស្ថានផងដែរ៕ វឌ្ឍនា


ចែករំលែក៖