ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋក្រោយវត្តសន្សំកុសល បំផ្លាញបន្ទប់ជួល៥បន្ទប់ និងប្រើប្រាស់ទឹកអស់៧ឡាន

ចែករំលែក៖

ភ្នំពេញ ៖ បើតាមសេចក្ដីរាយការណ៍បានប្រាប់ឲ្យដឹងថា នៅវេលាយប់ម៉ោង៨និង១៥នាទីយប់ ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ មានករណីអគ្គិភ័យកើតឡើងនៅចំណុចផ្ទះជួលមួយកន្លែង ក្រោយវត្តសន្សំកុសល តាមផ្លូវលំលេខ២៦BT ក្នុងភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ បានបំផ្លាញផ្ទះជួលប្រជាពលរដ្ឋអស់ចំនួន៥បន្ទាប់ជាប់គ្នា ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះលើខ្នងផ្ទះជួលនេះ គឺកើតចេញពីការឆ្លងចរន្ត អគ្គិសនីក្នុងបន្ទប់ផ្ទះជួលទី២ ក្នុងចំណោមបន្ទប់ទាំង៥ផ្ទះជួល ដោយសារម្ចាស់ផ្ទះជួលចាក់សោរចេញទៅខាងក្រៅ មិនបិតបារ៉ែតភ្លើងទើបបណ្តាលឲ្យមានការឆាបឆេះតែម្តង ។

លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងដែរថា ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ ញឹក មុន្នី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ និងជាម្ចាស់ផ្ទះឈើជញ្ជាំងថ្ម ប្រក់ស័ង្កសី ទំហំប្រហែល ៣០ម៉ែត្រx១០០ម៉ែត្រ ដោយមានបន្ទប់ជាប់ៗគ្នាសរុបទាំងអស់ ២៤បន្ទប់ ។

លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យក្រុង ក៏បានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ១៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៧ឡាន ស្មើនឹង ២៨ម៉ែត្រគូប ។ ក្នុងនោះមានរថយន្តជំនួយរបស់ក្រសួងមហាផ្ទៃចំនួន ០២គ្រឿង និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ។

ក្រោយកើតហេតុអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំងក្រុមពន្លត់អគ្គិភ័យជួយសហការអន្តរាគមន៍បាញ់ពន្លត់រល់តអស់ទាំងស្រុង នៅវេលាម៉ោង០៩និង១៥នាទីយប់ នាថ្ងៃខែឆ្នាំដដែលផងដែរ ៕ ភារ៉ា ដង្កោ


ចែករំលែក៖