ព័ត៌មានទាន់ហេតុការណ៍៖

២៦.២៧ ឧសភា គ្រោះថ្នាក់ចរាចរណ៍ ៥លើក របួសស្រាលធ្ងន់ច្រើននាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃសៅរ៍,អាទិត្យ ១២,១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦,២៧ ខែឧសភា ឆ្នាំ២០១៨ នេះ យ៉ាងតិចមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០៥លើក ប៉ុន្តែពុំមានបណ្ដាលឲ្យបាត់បង់អាយុជីវិតនោះទេ គ្រាន់តែរបួសស្រាលធ្ងន់ និងរងការខូចខាតមធ្យោបាយធ្វើដំណើរប៉ុណ្ណោះ។

សេចក្ដីរាយការណ៍បន្តថា ហេតុការណ៍ចរាចរណ៍ខាងលើបានកើតឡើងជាបន្តបន្ទាប់ដូចជា នៅឃុំក្បាលត្រាច ស្រុកក្រគរ ១លើក ដោយរថយន្តធុនធំ ១គ្រឿងក្រឡាប់ផ្ងារជើងនៅចិញើមផ្លូវជាតិលេខ៥ ហើយនៅឃុំអន្សាចំបក់ ស្រុកក្រគរដែរ ក៍មានរថយន្តធុនធំ ១គ្រឿងក្រឡាប់ផ្ងារជើង នៅលើកំណាត់ផ្លូវជាតិលេខ៥ដដែល និងនៅឃុំស្នាអន្សា ស្រុកក្រគរដដែល មានអ្នកជិះម៉ូតូ ១គ្រឿងបានបុកសត្វពាហនៈ(គោ) ១ករណីទៀត លុះនៅឃុំស្នាមព្រះ ស្រុកបាកានឯនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ដដែល មានអ្នកបើកបររថយន្តបុករង្វង់មូល ១ករណីថែមទៀត ដោយឡែក៖ នៅឃុំអន្លង់រាប ស្រុកវាលវែងឯណុះ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍បន្តទៀត បង្កឡើងអ្នកបើកបរម៉ូតូបុកក្មេង ១ករណីបន្ថែមទៀត។

សេចក្ដីរាយការណ៍ដដែលនោះលើកឡើងបន្តទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងប៉ុន្មានករណីខាងលើ មន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកនានា ដែលបានកើតឡើង កំពុងញាប់ដៃញាប់ជើងយ៉ាងយកចិត្តទុកដាកខ្ពស់ ដើម្បីបន្តការដោះស្រាយដែលនៅសេសសល់ ៕ ប៉ឹម ពិន


ចែករំលែក៖