ភ្នំពេញ ៖ ទីតាំង ស្តុបនិងចិញ្ចឹមគោក្របី សេះ សម្រាប់កាប់ យកសាច់លក់ជាច្រើនទីតាំងនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ជាពិសេសកុងសុីកាប់គោរបស់លោក ហ៊យហៀង ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារលើកឡើងថាបានជះក្លិនស្អុយអសោចប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានអោយដឹងថា ទីតាំងស្តុបគោ សត្វគោ ក្របីសេះសម្រាប់កាប់យកសាច់លក់ មានជាច្រើនកន្លែងជាពិសេសកុងសុីកាប់គោរបស់លោក ហ៊យ ហៀង នៅក្នុងភូមិដើមគសង្កាត់ជ្រោយចង្វា ជាប់នឹងតំបន់អភិវឌ្ឍទីក្រុងរណបជ្រោយចង្វា កំពុងតែបង្កផលប៉ះពាល់ដល់បរិស្ថាន ធុំក្លិយស្អុយ អសោច និងបង្កជាជំងឺឆ្លងដល់មនុស្ស សត្វ និងការរស់ នៅរបស់អ្នកភូមិជាខ្លាំង ។ដោយសារតែប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរបែបនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅជុំវិញតំបន់នោះបាននាំគ្នាធ្វើការអង្វរយ៉ាងទទូចដើម្បីអោយមន្រ្តីជំនាញ ក៏ដូចជាអាជ្ញាធរខណ្ឌ អាជ្ញាធររាជធានីភ្នំពេញដើម្បីចុះត្រួតពិនិត្យ និងមានវិធានការណ៍ ដោយពួកគាត់សំណូមពរដល់ម្ចាស់ទីតាំងកាប់គោលោកហ៊យហៀងប្តូរទីតាំងទៅកន្លែងផ្សេងឲ្យឆ្ងាយពីភូមិឋានពួកគាត់រស់នៅ ។
ប្រជាពលរដ្ឋបានអះអាងទៀតថាអាជីវកម្ម ចិញ្ចឹម ស្តុកសត្វគោក្របីទាំងអស់នេះ គឺពុំមានច្បាប់អនុញ្ញាតិឡើយ ហើយទីតាំងចិញ្ចឹមគោនោះ ពុំមានលក្ខណៈបចេ្ចកទេសនិងអនាម័យគ្រប់គ្រាន់ទេ ដែលកំពុងតែប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងមានជំងឺងាប់ រាលដាលទៅសត្វផ្សេងៗទៀត។
ពួកគាត់បន្តថា សត្វគោ ក្របី សេះដែលគេចិញ្ចឹមស្តុកទុកចូលកាប់ក្នុងកុងសុីលោកហ៊យ ហៀង នោះ ពេលថ្ងៃគេលែងឲ្យចេញរកសុីប្រសេកប្រសាចពេញផ្លូវពេញសួនច្បារក្នុងខណ្ឌជ្រោយចង្វា បង្កជាគ្រោះថ្នាក់ចរាចររថយន្តម៉ូតូបុកស្ទើរាល់ថ្ងៃធ្វើឲ្យមានមនុស្សរបួសធ្ងន់ធ្ងរជាញឹកញាប់ ហើយរាល់គ្រោះថ្នាក់ចរាចរម្តងៗលោកហ៊យ ហៀង មិនដែលចេញមុខមកទទួលខុសត្រូវឡើយ ។ ប្រការនេះអាជ្ញាធរក៏ធ្លាប់បានណែនាំដល់ម្ចាស់កុងសុីកាប់គោនោះដែរតែដូចជាគ្មានប្រសិទ្ធិភាពសោះ ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថាទីតាំងចិញ្ចមនិងស្តុកសត្វគោក្របីនៅភូមិដើមគមួយចំនួនមិនបានចូលកាប់នៅក្នុងកុងសុីទេគឺគេកាប់នៅក្រៅកុងសុី តែគេនៅតែបង់លុយឲ្យទៅ
លោកហ៊យ ហៀង ជាម្ចាស់កុងសុីដដែល។
ការដែលលោកហ៊យ ហៀង អនុញ្ញាតឲ្យមានការកាប់គោក្របីក្រៅទីសតឃាតយ៉ាងអានាធិបតេយ្យនេះហើយ គឺបង្កឲ្យមានផលអវិជ្ជមានគ្រប់បែបយ៉ាង ។
លោក ឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វា ធ្លាប់បានបញ្ជាក់ខណៈចុះទៅដោះស្រាយវិវាតនៅក្នុងកុងសុីនោះកាលពីចុងឆ្នាំ២០១៥ថា ក្រោយពីដោះស្រាយបញ្ហាទាំង១០ចំណុចជូនក្រុមអាជីវកររួចរាល់ហើយនោះលោកបានផ្ដល់ឱកាសឲ្យម្ចាស់ទីតាំងកុងស៊ីកាប់គោខាងលើក៏ដូចជាបងប្អូនក្រុមជីវករបន្តប្រកបរបរនេះត្រឹមរយះពេល១ឆ្នាំប៉ុណ្ណោះដោយរាប់គិតពីថ្ងៃទី០១ខែតុលាឆ្នាំ២០១៥ដល់ថ្ងៃទី០១ខែតុលាឆ្នាំ២០១៦ ។
លោក បន្តថាក្នុងនាមអាជ្ញាធរខណ្ឌមិនអនុញ្ញាត្តិឲ្យទីតាំងកុងស៊ីកាប់គោដែលកំពុងធ្វើអាជីវកម្មសព្វថ្ងៃនេះដំណើរការទៀតឡើយនៅក្នុងទីក្រុង ព្រោះកុងស៊ីកាប់គោបច្ចុប្បន្នមានទីធ្លាតូចចង្អៀតនិងជះក្លិនស្អុយប៉ះពាល់ផ្នែកបរិស្ថានជុំវិញនោះ យ៉ាងខ្លាំងពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតែម្ដង ។ ផ្ទុយទៅវិញ ប្រសិនបើទីតាំងកុងស៊ីកាប់គោមានទីធ្លាធំទូលាយចាប់ពី ២ហិកតាឡើងទៅនិងនៅកន្លែងដាច់ស្រយាលឆ្ងាយពីទីក្រុងលោកអភិបាលនិងស្នើរទៅមន្ទីរកសិកម្មរាជធានីភ្នំពេញដើម្បីឲ្យបងប្អូនក្រុមអាជីវករបន្តអាជីវកម្មតទៅទៀតបាន។
ជាមួយគ្នានោះលោក ឃ្លាំងហួត ក៏បានសង្កត់ ធ្ងន់ទៅលើអនាម័យ បរិស្ថាននិងសន្តិសុខ នៅក្នុងកុងសុី រួមទាំងទឹកស្អាតផង តម្រូវឲ្យ លោកហ៊យ ហៀង រៀបចំឡើងវិញឲ្យល្អមិនត្រូវរស់នៅបែបគ្មានអនាម័យដូច្នេះទេព្រោះវាមានក្លិនស្អុយណាស់ងាយនឹងចំលងមេរោគផ្សេងយ៉ាងខ្លាំង ប៉ុន្តែមកដល់ពេលនេះមានរយៈពេល២ឆ្នាំហើយម្ចាស់កុងសុីមិនបានអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌឡើយ គឺបន្តអាជីវកម្មរបស់ខ្លួនយ៉ាងព្រងើយមិនក្រែងរអែងនឹងអាជ្ញាធរនោះទេ ៕ ជ្រោយពេជ្រ