ព័ត៌មានទាន់ហេតុការណ៍៖

ប្រើដឹកគោឲ្យទៅផឹកទឹកស្រះដូចប្រើឲ្យទៅស្លាប់ទាំងពីរនាក់បងប្អូន

ចែករំលែក៖

ខេត្តកំពង់ធំ៖ កុមារីពីនាក់ត្រូវជាបងប្អូន ឪពុកប្រើឲ្យដឹកគោយកទៅឲ្យផឹកទឹក ស្រះ បានលង់ទឹកស្លាប់ទាំង២នាក់ឱបគ្នារមូរយ៉ាងអាណោចអាធ័ម កាលវេលាម៉ោង១២និង៣០នាទី ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចទឹកស្រះរណ្តៅអាអ៊ិច ខាងកើតភូមិប្រមាណ១៥០ម៉ែតស្ថិតនៅភូមិត្រពាំងទូក ឃុំប៉ាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

លោក ហូរសារ៉ាន់ នាយប៉ុស្តិ៍ឃុំបាក់ស្នា បានប្រាប់ឲ្យដឹងថា សាកសពក្មេងរងគ្រោះ ឈ្មោះសឿន ឡាត់ អាយុ១៤ឆ្នាំ និង សាកសពប្អូនស្រី ឈ្មោះ សឿន លិស អាយុ៨ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើធ្វើឲ្យឪពុកម្តាយយំសោកបោកខ្លួនយ៉ាងខ្លាំង ព្រោះមួយប៉ព្រិចភ្នែកសោះបាត់បង់កូនស្រីដល់២នាក់។

យោងតាមសេចក្តីរាយការណ៍ពីលោក ហូរសារ៉ាន់នាយប៉ុស្តិ៍ ឃុំបាក់ស្នាបានឲ្យដឹងថា មុនពេលកើតហេតុក្មេងរងគ្រោះ២នាក់បងប្អូនត្រូវឪពុកបានប្រើឲ្យដឹកគោរយកទៅឲ្យផឹកទឹក និងលាងទឹកស្រះ តែកំពុងលាងទឹកប្រហែលប្អូនស្រីធ្លាក់ជង្ហុកលង់ទឹក ហើយលើកដៃឲ្យបងស្រីជួយ បងស្រីស្ទុះទៅជួយ ក៏ឱបគ្នារមូរស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័មនៅក្នុងបាតស្រះ ។

ក្រោយមកសមត្ថកិច្ចបានធ្វើកោសល្យវិច័យឃើញថា កុមារីរងគ្រោះ២នាក់បងប្អូននេះពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតមែន ហើយបានប្រគល់សាកសពឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖