ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡាហោមនាយ ពែក មី សុំអន្តរាគមន៍ពីអគ្គស្នងការនគរបាលជាតិក្រោយអស់សង្ឃឹមចំពោះមន្ត្រីថ្នាក់ក្រោមករណីរថយន្តដេញបុកប្អូនប្រុសរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ អ្នកកំប្លែងនាយ ពែកមី និងឪពុកជនរងគ្រោះបានទទូចស្នើសុំទៅកាន់ អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់ប្អូនប្រុសរបស់ខ្លួន ដែល ត្រូវបានជនបង្កជាអតីតមន្ត្រីនគរបាល ខណ្ឌឫស្សីកែវ និងផ្លាស់ចេញទៅជាមន្ត្រី ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញបើករថយន្ដ ដេញបុករហូតធ្វើឲ្យភ័យស្លន់ស្លោទៅបុក របងជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរង របួសយ៉ាងធ្ងន់ ហើយត្រូវដឹកបញ្ជូនទៅ សង្គ្រោះព្យាបាលជាបន្ទាន់ភ្លាមៗនៅឯ មន្ទីរពេទ្យប្រទេសវៀតណាម។

ជាមួយគ្នានេះនាយពាក់មី ព្រមទាំង ឪពុករបស់ជនរងគ្រោះបានសម្តែងការ​អស់សង្ឃឹមទៅលើអធិការនគរបាលខណ្ឌ ឫស្សីកែវក្រោយពីហៅទៅសម្របសម្រួល ដោយប្រើពាក្យថា ជាសន្តានចិត្តពួកគេ សូមជូនថវិកាត្រឹមតែ៤ពាន់ដុល្លារក្នុងន័យ បញ្ចប់រឿងទៅវិញ។ ខណៈជនបង្ករត់គេច ខ្លួនបាត់រយៈពេល១៧ថ្ងៃហើយ នៅតែ ចាប់មិនបាន គឺចាប់បានតែរថយន្តនោះ។

ការអស់សង្ឃឹមទៅលើអធិការដ្ឋាននគរ បាលខណ្ឌឫស្សីកែវ និងស្នើឲ្យមានកិច្ច អន្តរាគមន៍ផ្ដល់ភាពយុត្តិធម៌ពីអគ្គស្នងការ ដ្ឋាននគរបាលជាតិរបស់តារាកំប្លែងនាយ ពែកមី និងឪពុកជនរងគ្រោះបានធ្វើឡើងតាមរយៈវីដេអូឃ្លីបជាថ្មីម្ដងទៀតនៅតាម បណ្តាញសង្គម Facebook។ នាយ ពែកមី បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីឆ្លើយ តបជាមួយប្រជាពលរដ្ឋ ដែលតែងតែ បារម្ភពីគ្រួសាររបស់យើងខ្ញុំទាក់ទងទៅ​នឹងគ្រោះថ្នាក់ចរាចរ ដែលមានរថយន្ដជន ល្មើសដេញបុកប្អូនថ្លៃរបស់ខ្ញុំបណ្ដាលឲ្យ គ្នាភ័យស្លន់ស្លោទៅបុករបងផ្ទះគេរហូត ដល់មានគ្រោះថ្នាក់ធ្ងន់ធ្ងរបានកើតហេតុ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ មក ទល់ពេលនេះគឺ១៧ថ្ងៃហើយ។ តែជនរង គ្រោះវិញកំពុងសម្រាកព្យាបាលនៅប្រទេស វៀតណាមមានស្ថានភាពជំងឺគឺថានៅធ្ងន់ ធ្ងរនៅឡើយមិនបានធូរស្រាលទេ ដោយ សាររបួសបាក់ឆ្អឹងចង្ការ បាក់ខាងក្រោម ភ្នែក លើចិញ្ចើម និងត្រូវការសើយស្បែក មុខ ដើម្បីតឆ្អឹងឡើងវិញ ពិតជារន្ធត់ខ្លាំង ណាស់។ ទាក់ទងបញ្ហាផ្លូវច្បាប់ជនល្មើសជនបង្កនោះមិនទាន់បានចាប់ខ្លួនទេ។ ឃាត់បានតែឡានទេមកទល់ពេលនេះ មានការចរចា ដែលផ្ដួចផ្ដើមឡើងដោយ អធិការខណ្ឌឫស្សីកែវ ដែលការចរចានោះ យើងខ្ញុំមិនអាចទទួលយកបានទេ»។

ជាមួយគ្នានោះឪពុករបស់ជនរងគ្រោះ ក៏បានហួសចិត្ត និងបានទម្លាយសាច់រឿង ថា បន្ទាប់ពីអធិការនគរបាលខណ្ឌឫស្សី កែវហៅទៅជួបចរចាជាមួយក្រុមគ្រួសារ ជនបង្កនោះអធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវ គេហៅពួកគាត់ទៅសម្រួល ដោយខាងគេ(អធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវ) សរសេរដាក់ក្នុងកំណត់ហេតុថា ខាងភាគីរថយន្ដមានសន្តានចិត្តជួយចេញថ្លៃព្យាបាលជំងឺទៅខាងភាគីម៉ូតូ ដែលបាន ជិះទៅបុកជញ្ជាំងខ្លួនឯងចំនួន៤ពាន់ ដុល្លារ និងឲ្យផ្ដិតមេដៃទទួលយកលុយលើកំណត់ហេតុក្នុងន័យបញ្ចប់រឿងទៅវិញ។

សម្រាប់តារាកម្លែងនាយ ពែកមី បាន បញ្ចេញប្រតិកម្មថា «សូមឲ្យប្រជាពលរដ្ឋ ជួយស្ដាប់មើលការសរសេរចុះអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវសរសេរដាក់ថា ភាគីរថយន្ដមានសន្តានចិត្តជួយចេញថ្លៃ ព្យាបាលចំនួន៤ពាន់ដុល្លារទៅភាគីជនរង គ្រោះជិះម៉ូតូបុកជញ្ជាំងសូមឲ្យជួយស្ដាប់ មើលទៅជារឿងជនល្មើសមានចិត្តធម៌ចិត្តបុណ្យជួយគ្រួសារយើងខ្ញុំ ដែលជិះបុក ជញ្ជាំងខ្លួនឯងទៅវិញ។ បើសរសេរបែប នេះ តើឲ្យពួកយើងខ្ញុំយល់ព្រមយ៉ាងម្តេច កើត។ ព្រោះជាករណីមនុស្សឃាតជិះរថយន្តដេញបុកម៉ូតូ បែរជាមកសរសេរថា ភាគីរថយន្ដមានសន្តានចិត្តជួយទៅវិញ ដោយពួកខ្ញុំមិនអាចទទួលយកការចរចា នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នោះបានទេ។ ព្រោះមើលជម្ងឺអស់ជិត១ ម៉ឺនដុល្លារហើយ ទាំងនៅខ្មែរ និងនៅវៀត ណាម តើពួកខ្ញុំអាចទទួលយកសេវា៤ពាន់ ដុល្លារ ហើយបែរជាមកសរសេរថា មាន សន្តានចិត្តជួយ។ បែរជាត្រូវជំពាក់គុណ ភាគីជនល្មើស៤ពាន់ដុល្លារវិញ ឥឡូវ នេះ ពួកយើងខ្ញុំអស់សង្ឃឹម នឹងអធិការខណ្ឌ ឫស្សីកែវហើយ និងដាក់ពាក្យបណ្ដឹងទៅ អគ្គស្នងការនគរបាលជាតិរួចហើយ»។

តារាកំប្លែងនាយ ពែកមី សំណូមពរ ដល់សមត្ថកិច្ច និងអគ្គស្នងការដ្ឋាននគរ បាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត សូមមេត្តាជួយក្រុមគ្រួសារយើងខ្ញុំផង ពិសេសប្រជាពលរដ្ឋមេត្តាជួយតាមដាន រឿងនេះផង ខ្លាចក្រែងយូរៗទៅស្រាប់តែ ស្ងាត់ឈឹង។ ដូច្នេះក្រុមគ្រួសារយើងខ្ញុំមិន អាចនៅស្ងៀម ឫស្ងាត់បានទេ និងមិនអាច យកលុយ៤ពាន់ដុល្លារមកទិញអាយុជីវិត ប្អូនប្រុសរបស់ខ្ញុំបានដែរ។

មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌឫស្សី កែវ បានប្រាប់ឲ្យដឹងថា មុនកើតហេតុជន បង្កបានលេងកីឡាបាល់ទាត់ជាមួយជន រងគ្រោះជាប្អូនថ្លៃនាយ ពែកមី។ លុះមក ដល់វេលាកើតហេតុក៏បានទាស់សម្ដីគ្នា យ៉ាងខ្លាំងក្នុងពេលកំពុងលេង ខណៈនោះ ជនបង្កជាមន្ត្រីនគរបាលបានគំរាមជន រងគ្រោះថា “ពេលចេញទៅវិញ(ចេញពី លេងបាល់) អញនឹងយកក្បាលឯង(ក្បាល ជនរងគ្រោះ)មកធ្វើកំណល់ឡានរបស់ អញ”។

មន្ត្រីនគរបាលបានប្រាប់ឲ្យដឹងទៀតថា ពេលជនរងគ្រោះ ឮយ៉ាងដូច្នេះ ក៏ជិះ ម៉ូតូចេញពីកន្លែងប្រកួតលេងបាល់ទាត់ រហូតមកដល់ផ្លូវភ្លោះក្នុងសង្កាត់គីឡូម៉ែត្រ លេខ៦ ស្រាប់តែជនសង្ស័យបើករថយន្ដ ដេញតាមពីក្រោយបម្រុងបុកធ្វើឲ្យជនរង គ្រោះភ័យ និងឈប់ម៉ូតូភ្លាមៗ ដើម្បីលត់ ជង្គុងលើកម្រាមដៃសំពះសុំទោសទៅជនបង្ក។ តែជនបង្កមិនព្រមទទួលយកការសុំ ទោសនេះឡើយ ទើបជនរងគ្រោះសម្រេច ចិត្តជិះម៉ូតូយ៉ាងលឿនរត់គេចតាមបណ្ដោយ ផ្លូវជាតិលេខ៥ ពីកើតទៅលិចសំដៅទៅ ផ្ទះរបស់ខ្លួន។ រហូតមកដល់កែងផ្លូវបេតុងបត់ឆ្វេងច្រកចូលរោងចក្រទឹកកកជិតដល់ ផ្ទះទៅហើយ ស្រាប់តែរថយន្ដជនល្មើស ជាមន្ត្រីនគរបាលបើកដេញតាមពីក្រោយបម្រុងបុកជាលើកទី២ តែជនរងគ្រោះក៏ ឈប់ម៉ូតូលុតជង្គង់សុំទោសម្ដងទៀត នៅ តែជនបង្កមិនព្រមទទួលយកបានតាមការ ស្នើរបស់ជនរងគ្រោះឡើយ។

បន្ទាប់មកជនរងគ្រោះកាន់តែភ័យស្លន់ស្លោ «ព្រោះជនបង្កមិនអាចលើកលែង និងគំរាមយកក្បាលរបស់គេមកធ្វើ កំណល់ឡានខ្លួនឲ្យទាល់តែបាន» ទើប ជនរងគ្រោះឡើងជិះបើកម៉ូតូរត់គេចយ៉ាងលឿនពីជើងទៅត្បូងវិញ សំដៅទៅផ្ទះ របស់ខ្លួន ហើយកាត់មុខរោងចក្រទឹកកក លុះមកដល់ផ្លូវបំបែកបត់ឆ្វេង និងបត់ស្ដាំ ខាងមុខជាផ្លូវទាល់ និងជារបងទ្វារផ្ទះប្រជា ពលរដ្ឋ ពិសេសត្រូវរថយន្ដជនបង្កដេញ តាមពីក្រោយយ៉ាងលឿនប្រកិតផងនោះ ធ្វើឲ្យជនរងគ្រោះមិនអាចបត់ឆ្វេង ឬបត់ ស្ដាំបានក៏ជ្រុលចង្កូតទៅបុករបងទ្វារផ្ទះ ប្រជាពលរដ្ឋយ៉ាងពេញទំហឹងបណ្ដាលឲ្យ សន្លប់ស្ដូកស្ដឹង ហើយជនសង្ស័យក៏បើក រថយន្ដបត់ស្ដាំរត់គេចខ្លួន ដោយសុវត្ថិ ភាពតែម្តង។

សូមបញ្ជាក់ថា ជនបង្កមានឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ បើក រថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ ស្លាកលេខ 2AP-0198។

លោកអនុសេនីយ៍ឯក ហាក់ ប៊ុនថន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២បាន ប្រាប់ថា រថយន្ដដែលបានបើកដេញបុក ម៉ូតូប្អូនប្រុសនាយ ពែកមី បណ្ដាលឲ្យភ័យ ស្លន់ស្លោទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋ រងរបួសយ៉ាងធ្ងន់ធ្ងរនោះត្រូវកម្លាំងនគរ បាលឃាត់បានហើយ នៅល្ងាចថ្ងៃទី២០ ខែឧសភា នៅឯគេហដ្ឋានរបស់ជនសង្ស័យ ក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ តែម្ចាស់រថយន្ដរត់គេចខ្លួន បាត់ទៅហើយ។

រីឯជនបង្កមិនទាន់ត្រូវបានចាប់ខ្លួននៅ ឡើយ។ ប្រការដែលមិនទាន់ចាប់បានជន បង្ក ឬចេតនាមិនចាប់ជនបង្ក គឺជាចំណុច សង្ស័យមួយទៀតដែលគ្រួសារជនរង គ្រោះលើកឡើង៕ ហេង នរិន្ទ្រ


ចែករំលែក៖