ព័ត៌មានទាន់ហេតុការណ៍៖

ភ្ជួរដីស្រែប៉ះប៊ីដុងជ័រសុទ្ធតែគ្រាប់កាំភ្លើងយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់ពេញ ១ប៊ីដុងបង្កការភ្ញាក់ផ្អើល នៅគ្រាដែលគាត់កំពុងភ្ជួរដីស្រែក្បែផ្ទះដោយគោយន្តកន្រ្តៃ ហើយបានយកមកប្រគល់ជូននគរបាលប៉ុស្ដិ៍តាមរយៈលោក អនុឃុំ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង០០នាទី ព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចដីស្រែក្បែផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពពីអាជ្ញាធរមូលដ្ឋានមានសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយលួងបានឲ្យដឹងថា គ្រាប់កាំភ្លើងដែលប្រជាពលរដ្ឋភ្ជួរដីស្រែនៅក្នុងប៊ីដុងជ័រចំណុះ ៥លីត្រ ជាប្រភេទគ្រាប់កាំភ្លើងអឹម ១៦ មានចំនួន ៣០០គ្រាប់ ហើយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើនេះរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយលួង រងចាំប្រគល់ជូនមន្រ្តីជំនាញគ្រាប់រំសេវ ៕ ប៉ឹម ពិន


ចែករំលែក៖