ភ្នំពេញ៖ បុរសម្នាក់ បានអង្គុយស្លាប់ក្នុងរថយន្តម្នាក់ឯង ខណៈដែលគាត់កំពុងតែបើកបររថយន្ត ហើយទំនងជាមិនស្រួលខ្លួន ក៏បើកអែបកៀនលើចិញ្ចើមផ្លូវរួចត្រូវខ្យល់គរ គាំងបេះដូងស្លាប់តែម្តង ។
ករណីមនុស្សក្នុងរថយន្តខាងលើនេះបង្កការភ្ញាក់ផ្អើល កើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅបណ្ដោយផ្លូវលេខ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ហាន គុនម៉ានិត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបរ ជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ (H1) ប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-2766 ។
តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បើករថយន្តម្នាក់ឯង ធ្វើដំណើរតាមផ្លូវ១៩៥៨ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចខាងលើ បើកអែបខាងលើចិញ្ចើមផ្លូវ បើកកញ្ចក់សងខាង បញ្ឆេះម៉ាស៊ីនអង្គុយដេកទ្រោបឱបជាប់នឹងដៃចង្កូត តាំងពីវេលាម៉ោង៨និង១៥នាទីព្រឹក មកម្លេះ រហូតដល់វេលាម៉ោង១០និង២០នាទីទៅហើយ នៅតែឃើញដេកក្នុងរថយន្ត មិនព្រមបើកចេញ ដោយមានការងឿងឆ្ងល់ ទើបប្រជាពលរដ្ឋដែលនៅក្បែរនោះដើរទៅអើតមើល ទើបដឹងថា គាត់ស្លាប់បាត់ទៅហើយ រួចរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង ។
ក្នុងហេតុការណ៍នោះដែរ ស្រាប់តែលេចមុខបុរសម្នាក់ មកអះអាថាគាត់ជាម្ចាស់រថយន្ត ដែលបុរសរងគ្រោះ(សព) ដោយគាត់បានប្រើឲ្យជនរងគ្រោះបើករថយន្តយកទៅលាងសម្អាត និងបានណាត់គ្នាពេលលាងរួចបើកទៅផ្សារអ៊ីអនថ្មី ដើម្បីមកទទួលយកគាត់ តែផ្ទុយទៅវិញចាំបាត់ៗ មិនឃើញទៅតាមការណាត់ ទើបដើរស្វែងរក ក្រែងមានបញ្ហាអ្វី ស្រាប់ប្រទះឃើញជនរងគ្រោះស្លាប់ទៅវិញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្វជំនាញត្រួតពិនិត្យមើលជាក់ស្តែង ហើយសន្និដ្ឋានជំហានដំបូងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ តែទោះជាយ៉ាងណាក្តី ជំនាញកំពុងតែដឹកសពយកទៅពិនិត្យនៅវត្តញាណរង្សី និងប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ តុង សីហា