ភ្នំពេញ៖ ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ តំណាក់កាលទី១ មកដល់ពេលនេះ បានចាក់បេតុងស៊ីផាយបាន៩៥ភាគរយ ហើយ គម្រោងអនុវត្តជំហានទី២ គ្រោងនឹងអនុវត្តបន្តនៅពេលឆាប់ៗខាងមុខនេះ ដើម្បីអោយតំបន់នេះលែងទទួលបានលិចលង់ដោយជំនន់ទឹកភ្លៀងទៀត និងធ្វើអោយតំបន់នេះប្រែក្លាយជាតំបន់រៀបរយ ឡើងវិញផងដែរ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃពុធ ១៥កើត ខែជេស្ន ឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៩ឧសភា ឆ្នាំ២០១៨ថា ៖ ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ មានប្រវែង ១៤៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ។ លើគម្រោងនេះ យើងបានបែងចែកជា៤តំណាក់កាល ដោយតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងតំណាក់កាលទី១នេះ ក្រុមការងារបានសម្រុចការងាររបស់ខ្លួនបាន៩៥ភាគរយហើយ ។ ក្រៅពីចាក់បេតុងស៊ីផាយហើយនោះ ការចាក់ដីបំពេញដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ក្រុមការងារក៏បានចាក់បានជិតភាគរយហើយដែរ។ ចំណែកការកាយភក់ចេញពីបាតប្រឡាយគឺយើងអនុវត្តការងារសម្រេចបាន១០០ភាគរយហើយដែរ។
សូមបញ្ជាក់ថា ៖ ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការអភិវឌ្ឍនេះ ឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។
ប្រឡាយស្ទឹងមានជ័យនឹងត្រូវសាងសង់ឡើង ដោយបុកបេតុងស៊ីផាយដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្កោលភ្លើងសាធា រណៈនៅលើផ្លូវនេះថែមទៀត ។ ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រចិញ្វើម ២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ ៕ សំរិត