ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តព្រូសពីក្រោយមន្ទីរពេទ្យខ្មែរ សូវៀត នគរបាលស្រុកកញ្ជ្រៀចចាប់ជាប់

ចែករំលែក៖

ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលស្រុកកញ្ជ្រៀចចាប់ឃាត់ខ្លួនបាន រួមជាមួយវត្ថុតាងរថយន្តមួយគ្រឿង ដែលជននេះលួចពីរាជធានីភ្នំពេញហើយរត់គេចខ្លួនមកស្រុកកំណើតនៅខេត្តព្រៃវែង ។

នគរបាលស្រុកកញ្រ្ជៀចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះឈ្មោះ សួង វណ្ណដា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច។ ចំណែកវត្ថុតាងដែលបានដកហូតរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AG-២០៩០ ។

សមត្ថកិច្ចនគរបាលដដែលបាន ឲ្យដឹងទៀតថា កាលពីថ្ងៃទី២៣ ខែឧសភា សមត្ថកិច្ចនៅរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះថា បានបាត់រថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស និងប្រាប់ពីស្លាកលេខ ដែលបានចតទុកនៅចិញ្ចើមថ្នល់ម្តុំក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ក្រោយពីទទួលបានពាក្យបណ្តឹងនេះភ្លាម សមត្ថកិច្ចនៅរាជធានីភ្នំពេញ បានទាក់ទងមកសមត្ថកិច្ចគ្រប់ខេត្តទាំងអស់ឲ្យតាមឃ្លាំមើល និងចាប់ឃាត់ភ្លាមប្រសិនបើប្រទះឃើញ ។

ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រៃវែង ក៏បានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលគ្រប់ស្រុកទាំងអស់ ឱ្យតាមឃ្លាំមើល ។ លុះមកដល់វេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២៤ ខែឧសភា កម្លាំងនគរបាលប៉ុស្តិ៍ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ប្រទះឃើញរថយន្តដូចភិនភាគដែលបានបាត់ ស្ថិតនៅក្នុងផ្ទះរបស់ជនសង្ស័យឈ្មោះ សួង វណ្ណដា ទើបនាំខ្លួនជននេះមកសាកសួរនៅប៉ុស្តិ៍ ។

មកដល់ប៉ុស្តិ៍នគរបាលជនសង្ស័យបានឆ្លើយសារភាពថា រថយន្តនេះរូបគេបានលួចយកមកពីក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតពិតមែន ដោយជិះមកលាក់ទុកនៅស្រុកកំណើតខេត្តព្រៃវែងនេះ។ បន្តាប់មកទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរូបនេះកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ សហការី


ចែករំលែក៖