ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាយោធិនពិការត្រូវមនុស្ស២នាក់ប្តីប្រពន្ធ និងកូនប្រុសវាយអូសជាង៥០ម៉ែត្រ ដាក់ពាក្យប្តឹងរហូតដល់តុលាការ គាត់ក្លាយជាជនសង្ស័យទៅវិញ សំណូមពរដល់សម្តេចតេជោជួយផង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជាជនពិការជើងស្តាំម្ខាង ក្នុងសម័យសង្គ្រាមម្នាក់ ត្រូវបានប្អូនស្រីបង្កើត និងប្អូនថ្លៃជាប្តីព្រមទាំងក្មួយប្រុសពេញកម្លាំងទាំង៣នាក់ ព្រួតគ្នាវាយសម្រាតខោអាវអូសចាប់ពីមុខផ្ទះរបស់បុរសពិការរហូតដល់ផ្ទះក្រុមជនសង្ស័យប្រហែល៥០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិនាំគ្នាទៅចោមរោមមើល និងជួយបុរស ដែលជាជនពិការនោះថែមទៀតផង ទើបរួចពីការវាយធ្វើបាប ពីសំណាក់ក្រុមជនសង្ស័យទាំង៣នាក់ខាងលើនោះបាន ។

បើតាមសម្តីរបស់លោកហង់ គន្ធា អាយុ៤៩ឆ្នាំ ជាយោធិនពិការ ធ្លាប់បម្រើការងារជាអ្នកបើកបរ(អាស្គុត)នៅវរសេនាតូចលេខ៨៦ ចំណុះឲ្យ(ACO) រស់នៅក្នុងភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកបានបន្តថា លោកចូលបម្រើការងារជាយោធាក្នុងអំឡុងឆ្នាំ១៩៨៧ ហើយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩០ លោកបានចេញទៅធ្វើសង្គ្រាមនៅជើងភ្នំ៥៥៣ ក្នុងស្រុកភ្នំស្រួច បានជាន់មីនបណ្តាលឲ្យលោកដាច់ជើងស្តាំម្ខាងពិការរហូតមកដល់សព្វថ្ងៃនេះ ។

លោកបន្តទៀតថា កាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ លោកបានចេញពីក្នុងផ្ទះមកបិទទ្វាររបងដោយសារតែយប់ហើយ ពេលនោះលោកក៏បានស្រែកសួរអ្នកជិតខាង(ផ្ទះជាប់គ្នា)ថា បូរីបានអីហូបបាយ ស្រាប់តែមិនទាន់ឮឆ្លើយផង ក៏លេចមុខស្ត្រីឈ្មោះហង់ ចាន់ថុល អាយុ៤៤ឆ្នាំ ជាប្អូនបង្កើតរបស់លោក និងឈ្មោះបូ អាន អាយុ៤៩ឆ្នាំ ព្រមទាំងឈ្មោះអឿ រតនៈ ហៅអឿ ឋានៈ អាយុ២៥ឆ្នាំធ្វើការងារជាបុគ្គលិកអង្គការ (AMK)រស់នៅក្នុងភូមិ ឃុំជាមួយគ្នារំលងផ្ទះមួយបាននាំគ្នាព្រួតវាយរូបគាត់ ដែលជាជនពិការជើងស្តាំម្ខាង(ដាច់ពេលធ្វើសង្គ្រាម)ចាប់សម្រាតខោអាវ វាយអូស ដាល់មុខគាត់ បណ្តាលឲ្យរលាត់ដៃជើងអូសរហូតដល់ក្នុងរបងផ្ទះរបស់ក្រុមជនដៃដល់តែម្តងនៅសល់តែខោលីអូរប៉ុណ្ណោះ ។

លោកបានបន្តទៀតថា ដោយសារតែលោកត្រូវគេវាយបណ្តាលឲ្យងងឹតមុខ ហើយណាខ្លួនពិការជើងម្ខាងទៀតផងនោះគ្មានកម្លាំងកំហែងតតាំងជាមួយមនុស្សរហូតដល់ទៅ៣នាក់ទៀតនោះ ស្រាប់តែមានប្រជាពលរដ្ឋឈ្មោះជេត សុភាព ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរធ្វើស្រែ រស់នៅក្នុងភូមិជាមួយគ្នាបានឃើញក៏នាំគ្នាទៅហៅអ្នកស្រុកឲ្យមកជួយឃាត់ក្រុមជនដៃដល់ទាំង៣នាក់ឲ្យឈប់វាយតប់បុរសពិការខាងលើទៀតទៅ ដោយឃើញមានក្រុមប្រជាពលរដ្ឋ និងក្រុមប្រជាការពារមកព្រោងព្រាតទើបក្រុមជនសង្ស័យទាំង៣នាក់ឪពុកម្តាយ និងកូនឈប់ធ្វើសកម្មភាពព្រួតវាយលើបុរសពិការជាយោធិននោះ ប៉ុន្តែនៅលើដងខ្លួនមានស្នាមរបួស និងនៅសល់តែខោលីអូរប៉ុណ្ណោះទេ ។

លោកបន្តទៀតថា ក្រោយមកលោកក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលឃុំព្នាយ គាត់ជាជនរងគ្រោះ ស្រាប់តែបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត និងទៅតុលាការខេត្តឃាត់បានតែបុរសឈ្មោះបូ អានតែប៉ុណ្ណោះ ហើយឈ្មោះហង់ ចាន់ថុល និងឈ្មោះអឿ ឋានៈ ហៅអឿ រតនៈ កម្លាំងមានសមត្ថកិច្ចមិនបានឃាត់ខ្លួននោះទេ ហើយឥឡូវឈ្មោះ បូ អាន ក៏រស់នៅមានសេរីភាពវិញដែល ខណៈដែលជនរងគ្រោះជាជនពិការជើងស្តាំម្ខាង និងជាយោធិនពិការមិនទាន់បានសំណងជំងឺចិត្ត១រយលុយខ្មែរនោះ ។

ដូចនេះហើយទើបលោកដែលជាយោធិនពិការ ត្រូវជាជនរងគ្រោះដែលក្រុមជនសង្ស័យ១គ្រួសារព្រួតគ្នាវាយសម្រាត នៅតែខោលីអូរនោះ សូមសំណូមពរដល់លោកប្រធានតុលាការខេត្តកំពង់ស្ពឺ និងលោកនាយឧត្តសេនីយ៍គន់ គីម ប្រធានសមាគមអតីតយុទ្ធជន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយពិនិត្យរឿងឡើងវិញ និងជួយរកយុត្តិធម៌ឲ្យលោកដែលជាយោធិនពិការជើង ត្រូវគេវាយធ្វើបាបហើយ ក្លាយជាជនសង្ស័យទៅវិញទៀត ។ លោកសង្ឃឹមថា អស់លោកថ្នាក់ដឹកនាំ នឹងជួយរកយុត្តិធម៌ជូនលោកដែលជាអ្នកស្នេហាជាតិ ពិការមួយរូបនេះផង ។

តាមសម្តីរបស់លោកជា សុង អាយុ៦១ឆ្នាំ ជាប្រធានប្រជាការពារនៅក្នុងភូមិខាងលើបានរៀបរាប់ថា បុរសជាជនពិការពិតជាត្រូវគេព្រួតគ្នាវាយអូសជាង៥០ម៉ែត្រពិតប្រាកដមែន ប៉ុន្តែពេលនោះ នគរបាលឃាត់តែបុរសឈ្មោះបូ អាន ទេ ឈ្មោះហង់ ចាន់ថុល និងកូនប្រុស ឈ្មោះអឿ ឋានះ ហៅអឿ រតនះ មិនបានឃាត់ឡើយ ប៉ុន្តែឥឡូវឮថាខាងតុលាការខេត្តកាត់ក្តីឲ្យបុរសពិការមានទោស១ឆ្នាំទៀត លោកមិនព្រមឡើយ ពីព្រោះថា បុរសជាយោធិនពិការត្រូវគេ៣នាក់ព្រួតគ្នាវាយសម្លាប់អូស សម្រាតខោអាវ របួសធ្ងន់ធ្ងរមានទាំងសំបុត្រពេទ្យទៀត ត្រូវក្លាយជាជនសង្ស័យទៅវិញ ។ លោកសំណូមពរដល់តុលាការខេត្តកំពង់ស្ពឺពិនិត្យមើលរឿងនេះម្តងទៀត និងក្រសួងយុត្តិធម៌មេត្តាជួយពិនិត្យមន្ត្រីតុលាការខេត្តកំពង់ស្ពឺធ្វើការងារផង និងសូមឲ្យសម្តេចតេជោហ៊ុនសែនជួយរកយុត្តិធម៌ដល់បុរសពិការនេះផងទាន ។

លោកហង់ គន្ធា បានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើតុលាការខេត្តកំពង់ស្ពឺកាត់ក្តីឲ្យលោកចាញ់ ហើយក្លាយទៅជាជនសង្ស័យមានទោសពិតប្រាកដមែននោះ លោកមិនសុខចិត្តឡើយ លោក នឹងគ្រោងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត ដោយទាមទារសំណងពីក្រុមជនសង្ស័យដែលព្រួតគ្នាវាយរូបលោក ប្រុងសម្លាប់លោក ចំនួនទឹកប្រាក់៦ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដើម្បីធ្វើការប៉ះប៉ូវងូវការខាតបង់កិត្តយសសេចក្តីថ្លៃថ្នូររបស់លោកដែលជាធោធិនពិការ និងជាជនរងគ្រោះដែលថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ចំពោះជនពិការគ្រប់រូបនោះ ជាពិសេសមានអែក ឧត្តម អែម ចន្ទ័មករា ដែលជាអគ្គលេខាធិការជនពិការអែកឧត្តមតែងតែយកចិត្តទុកដាក់ និងជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនជនពិការគ្រប់រូបកន្លងមក ៕ សេនា សក្តិ


ចែករំលែក៖