ខេត្តកណ្តាល៖ នៅរសៀលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជូនក្រុមមេអាប៉ោងចំនួនបីខេត្តមកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធីចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ទោ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអោយដឹងថា ជនសង្ស័យ០៦នាក់ ទី០១ឈ្មោះ ស៊ិន គុន ភេទប្រុសអាយុ ៦៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចំបក់ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី០២ឈ្មោះ សុខ ជា ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិច្រកចំបក់ ឃុំជ្រប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទី០៣ឈ្មោះដង យ៉ឹងហ្វាង ភេទប្រុស អាយុ ៤៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ កំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ទី០៤ឈ្មោះ ផល ស៊ីដារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទី០៥ឈ្មោះ ឆាយ ហុក ភេទប្រុស អាយុ ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាអុង ឃុំពាមឧញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល និងទី០៦ឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំទីលំនៅបច្ចុប្បន្នភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សូមរំលឹកថា ទីតាំងលេងល្បែងអាប៉ោងដ៍ធំនៅស្រុកកៀនស្វាយ សម្រាប់មេអាប៉ោងមកបាញ់ភ្នាល់ចំនួនបីខេត្ត គឺខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកណ្តាល ត្រូវបានលោកវរសេនីយ៍ទោ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំង និងមានការសម្របសម្រួលពីសំណាក់លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាប និងបំបែកទីតាំង ហើយឃាត់ខ្លួន មេអាប៉ោង និងអ្នកភ្នាល់បាន០៦នាក់ លុយដុល្លារ ៨៧៥ដុល្លារ លុយខ្មែរ ៣.៧០០.០០០រៀល ឡាន០២គ្រឿង និងវត្ថុតាងមួយចំនួនទៀត។
ហេតុការណ៍ចុះបង្ក្រាបនេះថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨វេលាម៉ោង១៣និង៣០នាទី នៅចំណុច ផ្ទះឈ្មោះ ប៉ែន ថុល (ម្ចាស់ផ្ទះ) ភូមិទួលដូង ឃ៊ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
វត្ថុតាងចាប់យក មេអាប៉ោង០៨ និង ប្រដាប់ខាតជើងអាប៉ោង ០១សន្លឹក គម្រប០១.កម្រាលអាប៉ោង០១ ទូរស័ព្ទដៃ ០៧គ្រឿងSAMSUNG J7ពណ៌ស០១ គ្រឿង iPhone 6plus ពណ៌ប្រផេះ០១គ្រឿង, iPhone 6 ពណ៌មាស០១គ្រឿង, Metfone ពណ៌ខ្មៅ០១គ្រឿង, Alcatel ពណ៌ខ្មៅ០១គ្រឿង, Nokia ពណ៌ខ្មៅ០២គ្រឿង លុយដុល្លារ ៨៧៥ដុល្លារ លុយខ្មែរ ៣.៧០០.០០០រៀលឡាន០២គ្រឿង ម៉ាកបាឡែន ស្លាកលេខ ភ្នំពេញ 2V-7570 ពណ៌ស្ករម៉ាកឆ្លាម ស្លាកលេខ ភ្នំពេញ 2Q-7796 ពណ៌ទឹកប្រាក់។
លោកប្រធានការិយាល័យបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា៖ មានសកម្មភាពលេងល្បែងស៊ីសង(អាប៉ោង)នៅចំណុចផ្ទះឈ្មោះ ប៉ែន ថុល (ម្ចាស់ផ្ទះ)អាយុ៤៧ឆ្នាំ ភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕ ឆ ដា