ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់បានបាត់បង់ជីវិតយ៉ាងអាសូរ ហេតុតែចង់បានផ្សិតពេក ដើម្បីយកលក់ផ្គត់ផ្គង់ក្រុមគ្រួសារមិនបានគិតវែងឆ្ងាយ ក៏លោតចូលទឹកប្រឡាយ ដែលមានជម្រៅជ្រៅត្រូវមិត្តភក្តិរួមដំណើរនាំគ្នាស្រែកហៅអ្នកភូមិជួយដែរ ប៉ុន្តែអកុសលយឺតពេលទៅហើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀលនៅចំណុចភូមិសង្រ្គោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកបានឲ្យកាសែតនគរវត្តដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់មានឈ្មោះជាង សាក់ អាយុ១១ឆ្នាំ មុខរបរសិស្ស ដោយមានឪពុកឈ្មោះ ជាង សុផាត មុខរបរកសិករអាយុ៤៥ឆ្នាំ និងម្ដាយឈ្មោះ កែវ ផេន មុខរបរកសិករអាយុ៤០ឆ្នាំមានទីលំនៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមមិត្តភក្តិក្មេងរងគ្រោះបានប្រាប់ថា មុនកើតហេតុគេ និងមិត្តភក្តិ២នាក់បាននាំគ្នាទៅរកផ្សិត ដើម្បីទុកធ្វើម្ហូប និងយកលក់ ខណៈមកដល់ចំណុចកើតហេតុប្រលាយទឹកស្រាប់តែឃើញមជនរងគ្រោះឈ្មោះជាងសាក់ បានក្រឡេកឃើញផ្សិតដុះនៅគល់ដើមប្រេងខ្យល់នៅត្រើយម្ខាង ក៏លោតចុះទឹកប្រឡាយបំណងទៅបេះផ្សិត បន្ទាប់មកស្រាប់តែលង់ទឹកបង្កការភ្ញាក់ផ្អើល ទើបរូបខ្លួន និងម្នាក់ទៀត បានរត់ទៅហៅអ្នកភូមិជិតខាងមកជួយអន្តរាគមន៍ភ្លាមៗចុះរាវដែរ តែរកពុំឃើញបហរមាណជិតមួយម៉ោង ក៏រាវរកឃើញគឺស្លាប់បាត់បង់ជិវិតទៅហើយ មិនអាចសង្គ្រោះបាននោះទេ ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសាកសពរួចមក ក៏ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន