ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់បានជនសង្ស័យទាញព្រនង់គប់គូទំនាស់ចៃដន្យទៅចំស្ត្រីម្ចាស់ផ្ទះស្លាប់ម្នាក់នោះហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ កាលពីវេលាម៉ោង៥និង១៣នាទី ល្ងាចថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចខេត្តពោធិ៍សាត់បានប្រមាញ់ជនសង្ស័យ ទាញព្រនង់គប់គូទំនាស់របស់ខ្លួន តែចៃដន្យទៅចំស្ត្រីម្ចាស់ផ្ទះស្លាប់ម្នាក់នោះហើយ ស្ថិតនៅចំណុចផ្លូវលេខ៥៥ ភូមិអូរឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។ ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

សូមប្ជាក់ថា ស្រ្តីវ័យចំណាស់ជាម្ចាស់ផ្ទះដែលកំពុងសាងសង់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មទាំងមិនបានរស់នៅក្នុងផ្ទះកំពុងសាងសង់ដោយសារស្នាដៃបុរសជិតខាងម្នាក់ដែលបានមកជួយសង់ផ្ទះស្រ្តីរងគ្រោះ នៅគ្រាដែលផឹកស្រាស្រវឹងស្រឿងៗព្រោះសង់ផ្ទះបណ្ដើរនាំគ្នាផឹកស្រាបណ្ដើរ នៅពេលធ្លាក់ភ្នែករៀងៗខ្លួនគងសម្ដីគ្នាទាញព្រនង់ឈើគប់គូទំនាស់ ប៉ុន្តែជាអកុសលចំស្រ្តីរងគ្រោះបណ្ដាលឲ្យស្លាប់រួចរត់គេចខ្លួន ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះស្រ្តីរងគ្រោះ ស្ថិតក្នុងភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ស្រ្តីរងគ្រោះឈ្មោះ ហុិន អែម អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុ ចំណែកជនសង្ស័យជាជនបង្កឈ្មោះ សឿម សុីម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នានឹងស្រ្តីរងគ្រោះ ។

ហេតុការណ៍បានកើតឡើង នៅគ្រាដែលមានកម្មវិធីលើកផ្ទះ(សង់ផ្ទះ) ហើយមានការសុីផឹក ខណៈនោះ មានការស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ទើបប៉ះពាល់ពាក់សម្ដីគ្នាបន្តិចបន្ទួច រវា ងបុរសជាប្តីស្រ្តីរងគ្រោះ នឹងជនសង្ស័យ ធ្វើឲ្យជនសង្ស័យក្តៅស្លឹកត្រចៀក ទាញព្រនង់ឈើប៉ុនកំភួនដៃគប់លើគូទំនាស់ ដែលជាម្ចាស់ផ្ទះ ហើយជាប្តីស្រ្តីរងគ្រោះដែរ ប៉ុន្តែជាអកុសល បែរជាទៅចំស្រ្តីរងគ្រោះបណ្ដាលឲ្យដួលប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងរន្ធត់ ៕ ប៉ឹម ពិន


ចែករំលែក៖