ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីស្រាយបួស ខែរ៉ាម៉ាឌនលើកទី៥ នៃសាសនាឥស្លាម-កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ដែលមានសាសនិកឥស្លាមចូលរួមចំនួន ៤,៧៥០នាក់ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែអញ្ជើញចូលរួមពិសារអាហារស្រាយបួសជាមួយបងប្អូនខ្មែរឥស្លាមជារៀងរាល់ឆ្នាំ។ វត្តមានរបស់សម្តេចទាំងទ្វេ គឺបង្ហាញពីភាពស្និទ្ធស្នាលរវាងប្រមុខថ្នាក់ដឹកនាំប្រទេសដែលកាន់សាសនាព្រះពុទ្ធជាមួយបងប្អូនប្រជាពលរដ្ឋដែលកាន់សាសនាឥស្លាម ក៏ដូចជាសាសនាផ្សេងៗទៀតផងដែរ។ សាសនិកឥស្លាមនៅកម្ពុជា និងពិភពលោកបានមើលឃើញកាន់តែច្បាស់ចំពោះភាពសុខដុមនីយកម្មយ៉ាងកក់ក្តៅនិងក្តីស្រលាញ់ដ៏ជ្រាលជ្រៅពីសំណាក់សម្តេចទាំងទ្វេមកលើសាសនិកឥស្លាម ដូចគ្នាទៅនឹងប្រជាពលរដ្ឋកម្ពុជាទាំងមូល។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែងដែលបានអញ្ជើញមកជួបជុំជាមួយបងប្អូនឥស្លាមកម្ពុជានាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថានេះជាការជួបជុំគ្នាជាថ្មីម្តងទៀតបន្ទាប់ពីការជួបជុំគ្នានៅឆ្នាំកន្លងមកនេះ ហើយថ្ងៃនេះក៏មានការអញ្ជើញចូលរួមពីតំណាងអង្គការសហប្រតិបត្តិការឥស្លាម និងបណ្តាលភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង បំផុតចំពោះសុខដុមនីកម្មសាសនាដើម្បីធានាថាកម្ពុជាមិនមានជំលោះជាតិសាសន៍ និងសាសនាណាមួយកើតឡើងឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រវត្តិអតីតកាលក្នុងសង្គ្រាមដ៏សែនឈឺចាប់ដែលបានក្លាយជាបទពិសោធន៍បន្សល់ទុកនូវមេរៀនសម្រាប់ប្រទេសកម្ពុជាយើង ក៏ដូចជាតំបន់ខ្លះនៅលើពិភពលោកផងដែរ។ សុខដុមនីយកម្មនៃជនជាតិ និង សាសនា គឺមានសារៈសំខាន់ណាស់សម្រាប់សង្គមកម្ពុជាបច្ចុប្បន្នដើម្បរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងបានថ្លែងអំណរគុណចំពោះសាសនិកឥស្លាមកម្ពុជា ក៏ដូចជាថ្នាក់សាសនាឥស្លាមទាំងអស់ដែលបានចូលរួមចំណែកថែរក្សាសន្តិភាព និងគាំទ្រសម្តេចតេជោ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងចំណោម គណបក្សនយោបាយ ២០ ដែលបានចាប់ឆ្នោតលេខរៀងកាលពីព្រឹកមិញដោយ (គ.ជ.ប)គឺ គណបក្សប្រជាជនកម្ពុជា ចាប់បានលេខរៀងទី២០ ដែលវាមិនមែនជារឿងចៃដន្យនោះទេ ហើយចំពោះលេខ ២០ នេះផងដែរគឺត្រូវនឹងឆ្នាំនេះជាខួបទី២០ នៃការបញ្ចប់សង្គ្រាមដែលជាព្រឹត្តិការប្រវត្តិសាស្ត្រលើដំបូងក្នុងរយៈកាល៥០០ឆ្នាំរបស់ប្រទេសកម្ពុជា ដែលបានប្រែក្លាយប្រទេសមួយមានតំបន់ត្រួតត្រាច្រើន។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូនខ្មែរឥស្លាមទូទាំងប្រទេសដែលបានគាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាក្នុងពេលកន្លងមក។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវសូមឲ្យបងប្អូនឥស្លាមទាំងអស់បន្តគាំ និងបោះឆ្នោតឲ្យសម្តេចនិងគណបក្សប្រជាជន នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះបន្តទៀត ដើម្បីការអភិឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្តទៀត។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាសាសនាទាំងអស់នៅកម្ពុជាសុទ្ធតែត្រូវបានរស់ឡើងវិញបន្ទាប់ពីត្រូវបានសម្លាប់ និងបំផ្លិចបំផ្លាញដោយសង្រ្គាមនិងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ ១៩៧៥-១៩៧៩។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជូនពរបងប្អូនខ្មែរឥស្លាមទូទាំងប្រទេសនៅក្នុងឱកាសបុណ្យស្រាយបួសនៃខែរ៉ាម៉ាឌនលើកទី៥ នេះ សូមបងប្អូនជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នាហើយ ហើយបន្ទាប់មក សម្តេចតេជោ និងសម្តេចកិត្តិ បានថតរូបអនុស្សាវរីយ៍ជាមួយបងប្អូនខ្មែរឥស្លាមនៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។ ចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន សុំពរ ពីព្រះអាឡោះ សូមផ្តល់ភាពសុខសាន្ត និង ការីកចម្រើនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

 


ចែករំលែក៖