ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករ និងផលិតករ នៅតែស្នើសុំរដ្ឋាភិបាលព្យួរពន្ធ លើវិស័យភាពយន្តរយៈពេល១០ឆ្នាំសិន

ចែករំលែក៖

ភ្នំពេញ៖ គម្រោងនៃការប្រមូលពន្ធពីគ្រប់ផ្នែកនៃវិស័យភាពយន្ត នៅតែក្លាយជាប្រធានបទរសើបមួយសម្រាប់សិល្បករ ផលិតករលើកយកមកជជែក ស្របពេលដែលផលិតកម្មខ្លះសម្រេចចិត្តផ្អាក និងបិទផលិតកម្មព្រោះតែបារម្ភនឹងការប្រឈមបង់ពន្ធគ្រប់ផ្នែកនោះ ។ ទាំងសិល្បករ និងផលិតករនៅតែបន្តស្នើសុំទៅកាន់រដ្ឋាភិបាលឲ្យព្យួរការយកពន្ធពីវិស័យនេះប្រមាណ១០ឆ្នាំសិន។

ថ្លែងក្នុងពិធីសម្ពោធស្នាដៃខ្នាតធំរបស់ខ្លួនលោក លៀក លីដា ផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture លើកឡើងថា លោកនៅតែទទូចឲ្យរាជរដ្ឋាភបាលព្យួរពន្ធ រយៈពេល១០ឆ្នាំ ដើម្បីឲ្យផលិតករអាចនឹងដៃរឹងជើង និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតភាពយន្តមានគុណភាពខ្ពស់ចេញទៅលក់នៅទីផ្សារបរទេស ខណៈដែលភាពយន្តបច្ចុប្បន្នមានទីផ្សារក្នុងស្រុកប៉ុណ្ណោះ ។

លោកបញ្ជាក់ថានេះមិនមែនពួកយើងជាផលិតករចង់គេចវេសមិនបង់ពន្ធទេ គឺបង់តែចង់ថាអាច ពន្យាពេល ១០ ព្រោះយើងឃើញស្រាប់វិស័យភាពយន្ត យើងទើបងើបខ្លាំងឡើងវិញមួយរយៈនេះ”។ ផលិតករល្បីឈ្មោះរូបនេះបន្តថា ប្រសិនបើរាជរដ្ឋាបាលអាចព្យួរពន្ធរយៈពេល ១០ឆ្នាំតាមការចង់បានរបស់ផលិតករពិតមែននោះ អាចនឹងជួយបានច្រើនចំពោះផលិតករនានា ជាពិសេសវិស័យភាពយន្តខ្មែរតែម្ដង ដែលធ្វើឲ្យពួកគេមានកម្លាំងចិត្ត អាចផលិតភាពយន្តប្រកបដោយគុណភាព មិនចាញ់បរទេសនោះទេ ។ មិនត្រឹងតែជួយផលិតករ និងភាពយន្តខ្មែរ តារាៗក្នុងវិស័យនេះ ក៏សប្បាយរីករាយផងដែរ បើមានការលើកលែងបែបនេះមែន។

ថ្លែងស្រដៀងគ្នានេះដែរតារាសម្ដែង និងជាអ្នកដឹកនាំរឿងនាយ ពាក់មី កាលៈទេសៈបច្ចុប្បន្នប្រសិនបើរដ្ឋាភិបាល បង្ខំឲ្យផលិតករត្រូវតែបង់ពន្ធដាច់ខាតនោះ នឹងធ្វើឲ្យអ្នកផលិតភាពយន្តនានា មិនអាចរត់រួច ព្រោះតែការចំណាយច្រើន ហើយចំណូលទទួលបានមកវិញ មិនបានតាមអ្វីដែលពួកគេចង់បាន។“ខ្ញុំនិយាយដោយស្មោះបើអាចគួរតែព្យួរពន្ធហ្នឹង ១០ឆ្នាំសិនដើម្បីយើងជាអ្នកដើរលើវិស័យនេះ អាចបន្តផលិតភាពយន្តតទៅទៀតបាន។ បងប្អូនយើងឃើញស្រាប់ហើយ ផលិតករភាគច្រើនផលិតរឿងមួយ ត្រូវចំណាយលុយច្រើនណាស់ ឯអ្នកចូលទស្សនាវិញ មិនមានចំនួនច្រើនទេគឹខាតស្ទើតតែគ្រប់រឿង ។ អីចឹងហើយបើរដ្ឋគាត់បង្ខំរឿងយកពន្ធនេះទៀត នឹងរឹតបន្ថែមលើអ្នកផលិតហ្នឹងហើយ”។

តារាកំប្លែងល្បីឈ្មោះរូបនេះបន្តថា ការព្យួរពន្ធរយៈពេល ១០ឆ្នាំនឹងធ្វើឲ្យអ្នកពាក់ព័ន្ធនានាកាន់តែច្រើន ងាកមកផលិតភាពយន្តកាន់តែច្រើនថែមទៀត ។ ក្នុងនោះពិតណាស់ថាវិស័យភាពយន្តខ្មែរនឹងបន្តរីកចម្រើនទៅមុខ ដោយមានការប្រកួតប្រជែងគុណភាពខ្លាំងឡើងៗ ។

ពាក់ព័ន្ធនឹងការស្នើរព្យួរពន្ធរយៈពេល ១០ឆ្នាំពីសំណាក់ផលិតករ និងតារានានារដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា ធ្លាប់មានប្រសាសន៍ថា ក្រសួងបានដាក់សំណើរនេះទៅកាន់រាជរដ្ឋាភិបាលរួចហើយ ។ ក៏ប៉ុន្តែការសម្រេច ឬយ៉ាងណានៅមិនទាន់ច្បាស់នៅឡើយទេ ព្រោះមិនទាន់មានសេចក្ដីសម្រេចពីប្រមុខថ្នាក់ដឹកនាំ ។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្ដីប្រកាសតម្រូវឲ្យផលិតកម្ម គ្រប់ស្ថាប័នត្រូវតែបង់ពន្ធចូលរដ្ឋបានការកំណត់។ ក្នុងនោះមិនត្រឹមតែផលិតករទេជាប់កតព្វកិច្ចបង់ពន្ធ សូម្បីតារា អ្នកកាមេរ៉ាមែន និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងវិស័យភាពយន្តគឺសុទ្ធតែត្រូវបង់ពន្ធចាប់ពីឆ្នាំ២០១៨នេះតទៅ ៕ វឌ្ឍនា

 


ចែករំលែក៖