ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភា​សម្រេចយក​ថ្ងៃទី ៣១ ឧសភា បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​បាន​សម្រេចយក​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នឹង​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន ៥​។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​អនុម័ត​កាលបរិច្ឆេទ​បន្ត​សម័យ ប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ដោយមាន​របៀបវារៈ​ស​ម័​យ​ប្រជុំ ដោយ​គ្រោង​នឹង​ពិភាក្សា​លើ​របៀបវារៈ​ដូច​ទៅ សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំ​និង​ការ​ប្រ ព្រឹ​ត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់​ស្តីពី សញ្ជាតិ​។

​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​សហប្រតិបត្តិកា​រ​ព្រៃឈើ​អាស៊ី និង​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣ មាត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ និង​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​។​

​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានអនុម័ត​ប្រគល់​សេចក្តី​ព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ដល់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ច​ការនារី​នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ព្រមទាំង​បាន​អនុម័ត​សេចក្តី​ព្រៀងច្បាប់​មួយចំនួន​ផ្សេងទៀត​៕

 


ចែករំលែក៖