ខេត្តពោធិ៍សាត់៖ សាកសពស្រ្តីម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងព្យួរកធ្វើអត្តឃាតបានសម្រេច បន្ទាប់ពីបានបាត់ខ្លួនតាមរកមិនឃើញកាលពីរំលងអធ្រាត្រមុនកើតហេតុ ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង០០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងព្រៃ(ដើមអង្រ្គង)ត្រង់ចំណុចផ្លូវចោរ ស្ថិតក្នុងភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ដោយចងព្យួរកធ្វើអត្តឃាតបានសម្រេចឈ្មោះ ឌី មួន ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មានទីនៅភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទៅស្នាក់កន្លែងកើតហេតុ កម្មករដាំដំឡូងមី(ក្រុមហ៊ុនរតនាវិសាល) ជាប្តីឈ្មោះ សន សាំ និងកូន ២នាក់ ។
របាយការណ៍ខាងលើបន្តថា បើតាមការរាបរបរបស់ប្តីស្រ្តីជនរងគ្រោះ(សន សាំ) មូលហេតុអាចបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត(ជំងឺរាំុរ៉ៃប្រចាំកាយ) ព្រោះមុនកើតហេតុ១ថ្ងៃគាត់ជាប្តីបាននាំប្រពន្ធ(ជនរងគ្រោះ)ទៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ បានដាក់សឺរ៉ូម និងគ្រូពេទ្យផ្សំថ្នាំយកទៅលេបផងដែរ ស្រាប់តែនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែឆ្នាំដដែល បាត់គាត់មិនដឹងទៅណាបើទោសជានាំគ្នាដើររហូតអស់ចិត្តក៍ដោយ លុះព្រឹកថ្ងៃដដែលនាំគ្នាដើររកស្ទើរអស់ចិត្តទើបប្រទះឃើញ យកក្រម៉ាពណ៌សក្រហមចងព្យួរកជាមួយដើមឈើអង្រ្គងស្លាប់បាត់ទៅហើយ ។
ក្នុងរបាយការណ៍ដដែលបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មានស្ថាប័នជំនាញពាក់ព័ន្ធបានសហការគ្នាចុះស្រាវជ្រាវ និងពិនិត្យត្រឹមត្រូវ ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន