ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការកនរសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឲ្យ ប្រធានមូលនិធិស្ដ្រីមេផ្ទះមុស្លិមថៃ បន្ដកិច្ចសហប្រតិបត្ដិការឲ្យបានល្អចំពោះ ស្ដ្រីនៅសហគមន៍ ទទួលបានភាពសុខដុមរមនា ផ្នែកអាជីវកម្ម ទាំងខ្នាតតូច និងមធ្យម ។
លោក អូស្មាន ហាស្សាន់ បានស្នើបែបនេះ ខណៈលោកបានទទួលជួបគណៈប្រតិភូថៃ ដឹកនាំដោយ Hajah Dara Kattiya-Aree ប្រធានមូលនិធិស្ត្រីមេផ្ទះមុស្លិមថៃ កាលពីរសៀលថ្ងៃព្រហស្បតិ៏ ២រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៣១ ឧសភា ឆ្នាំ ២០១៨ នៅស្នាក់ការកណ្ដាលអង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា ។
ក្នុងជំនួបនេះលោកHajah Dara Kattiya-Aree ក៏បាន កោតសរសើរ អំពីគោលនយោបាយសុខដុមបនីយកម្មរបស់រារដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបានសង្កត់ធ្ងន់ថា សាសនិកឥស្លាមកម្ពុជា មានភ័ព្វសំណាងជាងសាសនិកឥស្លាមបណ្តាប្រទេសក្នុងតំបន់មួយចំនួនផ្សេងទៀត ព្រោះនៅកម្ពុជា មានមេដឹកនាំ ដែលមានសមត្ថភាពដឹកនាំពិតប្រាកដ ជាមេដឹកនាំ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការស្តារប្រទេសជាតិពីថ្លុកសង្គ្រាមរ៉ាំរ៉ៃ រាប់ទស្សវត្ស បានក្លាយជាប្រទេស ដែលមានការរីកចម្រើន ការធ្វើសមាហរណកម្មសន្តិភាព ក៏ទទួលបានជោគជ័យត្រចះត្រចង់ ដែលជាគម្រូល្អដល់ឆាកអន្តរជាតិ ដែលមិនអាចលាក់បាំងបានឡើយ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ តាមការបញ្ជាក់ឲ្យដឹងពីសកម្មភាពរបស់ មូលនិធិស្ត្រីមេផ្ទះមុស្លិម ថៃ បានកំពុងដំណើរការល្អ ក្នុងការសង្គ្រោះ និងផ្តល់ហិរញ្ញ ប្បទាន ដល់ស្ត្រីទន់ខ្សោយគ្មានទីពឹង ស្រ្តីមេម៉ាយ ដើម្បីទទួលបានដើមទុនខ្នាតតូច និងមធ្យម យកទៅប្រកបអាជីវកម្មកសាងជីវភាព ដោយមានការបណ្តុះបណ្តាលត្រឹមត្រូវ ។ ក្រៅពីនេះ មូលនិធិបានកំពុងផ្តល់ អាហាររូបករណ៍ដល់ និស្សិត នារីក្រីក្រជាច្រើន នៅកម្ពុជាឲ្យទទួលបាន ការអប់រំបញ្ចប់កម្រិតឧត្តមសិក្សា និង ទទួលបានការងារល្អជា មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និង សហគ្រិន ផងដែរ ។
លោកអូស្មាន ហាស្សាន់ ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមអបអរសាទរនិងជ្រោមជ្រែងចំពោះពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន របស់សាសនា អ៊ីស្លាមកម្ពុជា ដែលរៀបចំដោយប្រមុខរារដ្ឋាភិបាលកម្ពុជា ។
សូមបញ្ជាក់ថា៖ គណៈប្រតិភូមូលនិធិស្ត្រីមេផ្ទះមុស្លិមថៃក៏បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន របស់សាសនាឥស្លាមកម្ពុជា កាលពីថ្ងៃទី២៩ ឧសភា ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ ហើយនៅរសៀលថ្ងៃទី៣១ ឧសភា ២០១៨ លោក ក៏បានអញ្ជើញគណៈប្រតិភូ មកទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន នៅឯព្រះវិហារឥស្លាមអន្តរជាតិ អាល់សារកាល បឹងកក់ រាជធានីភ្នំពេញមួយពេល ដើម្បីបន្ដភាពស្និទស្នាលទទួល ភាពរាក់ទាកនិងដឹងគុណពីសំណាក់សហគមន៍ខ្មែរអ៊ីស្លាមផងដែរ ៕ សំរិត