ខេត្តកណ្ដាលៈ បុរសម្នាក់ស្លាប់ក្នុងកណ្ដាលវាលស្រែយ៉ាងអណោចអធ័ម ខណៈដើរមើលស្រូវរបស់ខ្លួនជាន់ខ្សែរលួសរាយឆក់កណ្ដុរ ដែលមានព្រុំប្រទល់ជាប់ស្រែគ្នាដោយពុំដាក់ស្លាកសញ្ញាសំគាល់នោះទេ ។ ករណីឆក់បណ្ដាលឲ្យស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត ឈានចូលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យ ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ វ៉ាយ ទឹម ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ ។ ចំណែកជនសង្ស័យ ដែលជាម្ចាស់ឧបករណ៍ឆក់កណ្ដុរឈ្មោះ ស៊ឹម ម៉ាប់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពា ស្រុក មុខកំពូល ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ អាគុយម៉ាក BB N70Lចំនួន១គ្រឿង ,អាំងវិចទរ័ចំនួន ១គ្រឿង និងខ្សែលួស ពណ៌ស ប្រវែង១២០ម៉ែត្រ ។
ប្រភពដដេលបន្ដថា នៅមុនពេលកើតហេតុថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៨ ជនសង្ស័យជាម្ចាស់ឧបករណ៍ឆក់បានយកឧបករណ៍ឆក់ទៅរាយនៅក្នុងដីស្រែរបស់ខ្លួន ដើម្បីឆក់កណ្ដុរកុំឲ្យស៊ីស្រូវ ដោយពុំដាក់ស្លាកសញ្ញាសម្គាល់អ្វីនោះទេ លុះរហូតមកដល់វេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី៣១ ខែ/ឆ្នាំដដែល ស្រាប់តែជនរងគ្រោះខាងលើបានដើរមើលស្រូវរបស់ខ្លួន ខណៈនោះជនសង្ស័យជនរងគ្រោះកំពុងដើរមើលស្រូវក៏ស្រែកហៅជនរងគ្រោះកុំឲ្យដើរក្នុងគន្លងឆក់ តែជនរងគ្រោះពុំលឺក៏ដើរចូលទៅជាន់លួច ដែលផ្ទុកចរន្ដ បណ្ដាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋជិតខាងនិងរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្ដភ្លើងពិតប្រាកដមែន ។ ក្រោយពីពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕ស្អាងជ័យ