ខេត្តស្វាយរៀង៖ រថយន្តកុងតឺន័រមួយគ្រឿងបើកជែងខ្វះការប្រុងប្រយ័ត្នទៅបុកគូថរថយន្តមួយគ្រឿង ម៉ាកព្រួសពីក្រោយយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរឆ្លងកាត់ឈប់មើល តែមនុស្សប្រុសស្រី៣នាក់មិនមានរងរបួស ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨វេលាម៉ោង៨ព្រឹកស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃរ៍ ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាល ក្រុងស្វាយរៀងបានឲ្យដឹងថា រថយន្ត ម៉ាកព្រួស ដែលរងគ្រោះមានម្ចាស់ហាក់ បូទុម ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរស់នៅភូមិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង និងរួមដំណើរជាមួយកូនស្រី និងឪពុកផងដែរ ។
ចំណែករថយន្តកុងតឺន័រ បង្កហេតុ ម៉ាកហីណូ ពណ៌សរលាយខៀវលេខ ពាក់ស្លាកលេខភ្នំពេញ៣C ៨៨ ៥៣ បើកបរឈ្មោះស៊ុន ឈឹម ប្រុសអាយុ៤៨ឆ្នាំបើក រស់នៅភូមិត្រាច ឃុំមហាសាំង ស្រុកភ្នុំស្រួច ខេត្តកំពង់ស្ពីមិនមានរងរបួសអ្វីនោះទេ ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្ត ម៉ាកព្រួស ពណ៌ខ្មៅពាក់ស្លាក លេខភ្នំពេញ ២A U ៦ ៧៦ បើកបរឈ្មោះហាក់ បូទុម ភេទស្រី អាយុ២៨ឆ្នាំ និងអ្នករួមដំណើរ២នាក់ទៀត លើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចមកកើត ខណៈនោះស្រាប់តែមានរថយន្តកុងតឺន័រ ម៉ាកហីណូ ពណ៌សរលាយខៀវលេខ ពាក់ស្លាកលេខភ្នំពេញ ៣C ៨៨ ៥៣ក្នុងទិសដៅស្របគ្នា ជែងខ្វះការប្រុងប្រយ័ត្នរួចអកសឺ ក៏បុកយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលឲ្យខូចខាតគូថខាងក្រោយធ្ងន់ធ្ងរ តែមនុស្ស មិនរងរបួស ។
ក្រោយមកសមត្ថកិច្ចនគរបាលបានមកដល់វាស់វែង និងអូសយករថយន្តទាំងពីរគ្រឿងមកចរាចរណ៍ខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន