ខេត្តកណ្ដាលៈ មនុស្សប្រុសស្រី២នាក់បាននាំគ្នាទិញស្រាផឹកជាមួយគ្នាបានមួយសន្ទុះស្រវឹងស្រឿងៗ ទាក់ពាក្យសម្ដីគ្នាធ្វើឲ្យខាងប្រុសខឹងទ្រាំលែងបាន បានទាញកាំបិតផ្គាក់កាប់ទៅលើខាងស្រីចំនួនមួយកាំបិតចំក. បណ្ដាលឲ្យទទួលរងរបួសយ៉ាងដំណំ ។ ករណីហិង្សាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៩ និង០៥នាទីថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាល ស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈាង ញៀន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល រីឯស្រ្ដីរងគ្រោះឈ្មោះ វៀស ស៊ីម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទៀវ (ក) ឃុំសំពៅពូន ស្រុកោះធំ ខេត្តកណ្ដាល (រងរបួសចំកខាងឆ្វេង) ។ ចំណែកវត្ថុតាងដកហូតបានមានកាំបិតផ្គាក់ដងឈើចំនួន១ ។
ប្រភពដ ដែលបន្ដថា នៅមុនពេលកើតហេតុថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យ និងជនរងគ្រោះបាននាំគ្នាទៅផឹកស្រានៅផ្ទះលក់ចាប់ហួយឈ្មោះ នុល ឈុនលី ដែលនៅភូមិកោះទៀវ(ក) លុះផឹកជាមួយគ្នាបានមួយសន្ទុះ ជនសង្ស័យ និងស្រ្ដីរងគ្រោះក៏បានទាក់មាត់ទាក់ក.គ្នា រហូតធ្វើឲ្យជនសង្ស័យខឹងទប់មិនបាន ក៏ស្ទុះទៅយកកាំបិតផ្គាក់មកកាប់ទៅលើស្រ្ដីរងគ្រោះ បណ្ដាលឲ្យចំក.ផ្នែកខាងឆ្វេងទទួលរងរបួសយ៉ាងដំណំ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានរត់គេចខ្លួន រីឯស្រ្ដីរងគ្រោះត្រូវបានប្រជាពលរដ្ឋជិតខាងយកទៅព្យាបាលនៅមន្ទីរពេទ្យប្រតិបត្ដិ ស្រុកកោះធំ ។ ចំណែកក្រុមគ្រួសារសាច់ញាតិស្រ្ដីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូនដើម្បីស្វែងរកជនសង្ស័យខាងលើយកមកចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងរួច សមត្ថកិច្ចក៏ស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ និងដកហូតវត្ថុតាងខាងលើយកមកអធិការដ្ឋាននគរបាល ស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ