ព័ត៌មានទាន់ហេតុការណ៍៖

លោក គន់ គីម ប្រាប់ក្រុមការងារបក្សខេត្តឧត្តរមានជ័យ ត្រូវចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋដើម្បីដោះស្រាយរាល់ការលំបាក និងបញ្ហាប្រឈម

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ លោក គន់ គីម ប្រធានក្រុមការងារគណកម្មាធិការកណ្តាលចុះជួយខេត្តឧត្តរមានជ័យ អមដំណើរដោយ លោក ជា តារា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្តឧត្តរមានជ័យ ប្រចាំខែឧសភា និងលើកទិសដៅបន្ដ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ។

ថ្លែងទៅកាន់ក្រុមការងារបក្ស លោក គន់ គីម បានលើកសសើរការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និង​គណបក្សគ្រប់ថ្នាក់ និងសមាជិកសមាជិការបក្សទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចទៅតាមមុខងាររៀងៗខ្លួន ក្នុងខែកន្លងមក និងបានជម្រុញឲ្យក្រុមការងារចុះជួយស្រុក ក្រុង ឃុំ សង្កាត់ និងគណបក្សគ្រប់ថ្នាក់ ចាប់ពីពេលនេះទៅត្រូវចុះជាប់មូលដ្ឋាន ទៅឲ្យដល់ខ្នងផ្ទះសមាជិកបក្សម្នាក់ៗ។

បន្ថែមពីនេះ លោក គន់ គីម ក៏បានប្រាប់ក្រុមការងារត្រូវតែ​ជួយដោះស្រាយរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ, បង្កើនការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជម្រុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ និង​ខិតខំកែលម្អរាល់ភាពអសកម្មរបស់មន្ត្រី ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងតម្លាភាព។

បើតាមលោកប្រធានក្រុមការងារ គ្រប់សមាជិកទាំងអស់ ត្រូវពង្រឹង​ទាំងបរិមាណ និងគុណភាព ត្រួតពិនិត្យរាល់ឯកសារ ពាក់ព័ន្ធរបស់សមាជិកម្នាក់ៗ ដែលបម្រើឲ្យការបោះឆ្នោត ក្នុងករណីមានកាតបាត់បង់ ឬខូច មេឃុំ មេប៉ុស្តិ៍ត្រូវធ្វើជូនភ្លាម ហើយចាប់ពីពេលនេះទៅ ក្រុមការងារត្រូវចុះទៅប្រចាំនៅមូលដ្ឋាន រួមជាមួយមូលដ្ឋានធ្វើសកម្មភាពតាមផែនការឆ្ពោះទៅកាន់ការបោះឆ្នោត៕


ចែករំលែក៖