ភ្នំពេញ៖ សិល្បករជើងចាស់ និងជាម្ចាស់បទ “ជីវិតក្មេងវត្ត” លោក យិន សារិន បានទទួលមរណភាពហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដោយសារជំងឺនៅគេហដ្ឋានលោកម្តុំព្រែកលាប ។ មរណភាពលោកបានបន្សល់ទុកនូវការសោកស្តាយអាឡោះអាល័យចំពោះសិល្បកររួបនេះ ។
ដំណឹងដ៏ក្រៀមក្រំនៃជាបាត់បង់ធនធានមនុស្ស ដែលមានសមត្ថភាព និងទេពកោសល្យក្នុងវិស័យសិល្បៈលោក យិន សារិន ធ្វើឲ្យមហាជន ដែលនិយមគាំទ្របទចម្រៀងលោកមានការសោកស្តាយជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបានឡើយ ។ លោក យិន សារិន ជាសិល្បករម្នាក់ ដែលច្រៀងបទក្រោមការនិព្ធរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានច្រើនជាងគេ ។
យោងតាមកម្រងសៀវភៅ ដែលដឹកនាំស្រាវជ្រាវដោយលោក ឆយ យីហ៊ាង ក្នុងចំណោមបទចម្រៀង១១៥បទ ដែលនិពន្ធដោយសម្តេច ហ៊ុន សែន ចន្លោះពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៤ លោក យិន សារិន បានច្រៀងរហូតដល់ទៅ៥៥បទ ។
លោកច្រៀងភាគច្រើនជាបទទោល ចំណែកបទឆ្លើយឆ្លងមួយចំនួនលោកច្រៀងរួមគ្នាជាមួយអ្នកស្រីឆោម ឆវិន ។ ក្រៅពីបទ “ជីវិតក្មេងវត្ត” សិល្បករជើងចាស់លោក យិន សារិន បានបន្សល់ទុកនូវបទចម្រៀងល្បីៗជាច្រើនទៀតដូចជាបទ “ទំនួញផ្លូវលំ” “ស្ពានសាងស្នេហ៍” “សំបុកឥតមេ”ជាដើម ។
លោក យិន សារិន ម្ចាស់បទ«ជីវិតក្មេងវត្ត»បានទទួលមរណភាព នៅរសៀលថ្ងៃទី៣១ ឧសភា ក្នុងអាយុ៦៨ឆ្នាំ ដោយរោគាពាធ ។ សពលោកត្រូវបានក្រុមគ្រួសារកំពុងរៀបចំតាមប្រពៃណី ដែលស្ថិតនៅគេហដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៦ម្តុំសាកលវិទ្យាល័យកសិកម្មព្រែកលាភ ៕ វឌ្ឍនា