ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទិវាកុមារអន្តរជាតិតារាល្បីៗលេខមុខជួបកុមារពិការគថ្លង់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង តារាចម្រៀង ពិធីករជាច្រើនរូបបានបង្ហាញវត្តមានទាំងព្រឹកដើម្បីជួបជុំសួរសុខទុក្ខចែកចំណីអាហារសម្ភារៈសិក្សាដល់កុមារពិការគថ្លង់ភ្នំពេញថ្មីនៃអង្គការគ្រួសារថ្មី ។ កម្មវិធីនេះធ្វើឡើងថ្ងៃទី០១ខែមិថុនា នៅចំថ្ងៃទិវាកុមាអន្តរជាតិ ដែលដឹកនាំដោយក្រុមសិល្បករមនុស្សធម៌សម័យតេជោសែន ។

តារាប្រុសស្រីល្បីឈ្មោះ ដែលលេចមុខក្នុងកម្មវិធីនេះមានអ្នកនាងយុគ ចិន្តា លោក ជា ដេវីត កញ្ញា ទេព បូព្រឹក្ស លោក កុយ ស៊ីឌឿន កញ្ញា វី ឌីណែត លោកកុល សុភោ អ្នកនាងកាឆយ លោក ឃុន វុត្ថា និងសិល្បករជាច្រើនរូបទៀត ។

អ្នកនាងយុគ ចិន្តា បានថ្លែងថាសិល្បករទាំងអស់ពិតជារីករាយខ្លាំង ដែលបានជួបជុំ និងចូលរួមសាកសួរសុខទុក្ខប្អូនៗក្មួយៗជាកុមារពិការគថ្លង់នៅទីនេះ ។ អ្នកនាងថាគឺជាការចែករំលែកនៃក្តីស្រលាញ់ចំថ្ងៃទិវាកុមារអន្តរជាតិ និងចង់បញ្ជាក់ថាអ្នកនាង និងសិល្បករទាំងអស់ពិតជាចូលរួមលើកទឹកចិត្ត និងឆ្លៀតឱកាសដ៏មមាញឹកដើម្បីសាកសួរសុខទុក្ខ និងនាំយកមកនូវអំណោយផ្ទាល់ខ្លួនពិសេសអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរតែងយកចិត្តទុកដាក់ចំពោះកូនៗក្មួយៗនៅទីនេះ ។

លោក កុយ ស៊ីឌឿន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្លឹបសិល្បៈឌីភីបានបញ្ជាក់ថា ទោះបីជាមមាញឹកនឹងការងារសិល្បៈ ក៏សិល្បករទាំងអស់បានរួមគ្នាចូលរួមកម្មវិធីនេះដើម្បីបង្ហាញពីការស្រលាញ់ និងលើកទឹកចិត្តដល់ប្អូនៗក្មួយ ។ លោក ក៏បានលើកទឹកចិត្តដល់ប្អូនៗក្មួយៗឲ្យបន្តការខិតខំសិក្សារៀនសូត្រ តស៊ូជម្នះក្នុងជីវិតទៅមុខបន្តទៀត ។ លោកជឿជាក់ថាប្អូនៗក្មួយ ដែលកំពុងសិក្សារៀនសូត្រនៅទីនេះ នឹងរៀបចំខ្លួនឲ្យក្លាយជាបុគ្គលល្អ និងជាគំរូក្នុងសង្គម ទោះបីជាប្អូនៗក្មួយៗពិការរូបរាយកាយ ប៉ុន្តែបេះដូងចិត្តគំនិតមិនពិការទេ ។ លោករំពឹងដែរថាសិល្បករទាំងអស់នឹងបន្តសកម្មភាពសង្គម ដោយការចុះចែករំលែកទាំងពេលវេលាថវិកា នៅឱកាសក្រោយៗទៀត ។

គួរបញ្ជាក់ដែរថាក្នុងឱកាសនេះដែរសិល្បករទាំងអស់បានចូលរួមចែកអំណោយជាសម្ភារៈសិក្សា ថវិកា និងអាហារដល់កុមារគថ្លង់ក្នុងសាលាទាំងអស់ផងដែរ ។ ក្រុមសិល្បករមនុស្សធម៌សម័យតេជោសែន ដែលដឹកនាំដោយ លោកកុល សុភោ ក៏បានប្រគល់ថវិកាមួយចំនួនដល់លោកគ្រូអ្នកគ្រូទាំងអស់ រួមទាំងថវិកាជួយទ្រទ្រង់សកម្មភាពនានាសម្រាប់សាលាផងដែរ៕ វឌ្ឍនា


ចែករំលែក៖