ព័ត៌មានទាន់ហេតុការណ៍៖

ចូលលួចមាន់ពេលម្ចាស់តាមទាន់កាប់ស្លាប់

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​៣​នាក់ ត្រូវបាន​នគរបាល​ខ​ណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​ពាក់ព័ន្ធករណីចូលទៅលួចមាន់ពេលម្ចាស់តាមទាន់ក្រុមជនសង្ស័យព្រួតគ្នាវាយហើយទាញកាំបិតកាប់ម្ចាស់មាន់បណ្តាលអោយរងរបួសធ្ងន់ក្រោយមកបានស្លាប់បន្ទាប់ពីក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ករណីចាប់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពី​យប់​ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ជនសង្ស័យ​ឈ្មោះ ជា ហៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ គ្មានមុខពិតប្រាកដ មានទីលំនៅក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ចំណែកជនសង្ស័យដែលរត់គេចខ្លួនសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ ដោយឡែក​ជនរងគ្រោះ​ឈ្មោះ មាស ចន្ថា ហៅ ឌៀប ភេទ ប្រុស អាយុ​៥១​ឆ្នាំ មានទីលំនៅក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

​លោក​ម៉ៅ សឿត បញ្ជាក់ថា កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០៖៤០​នាទី នៅ​ចំណុច​ដី​ឡូ​តិ៍​ចំការ​ស្វាយ ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ជនសង្ស័យ​៣​នាក់ ឈ្មោះ ជា ហៃ ឈ្មោះ តួ និង​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​។​ពួកគេ​នាំគ្នា​ផ្លោះ​របង​ចូលទៅក្នុង​ដី​ឡូ​តិ៍​ចម្ការ​ស្វាយ ដើម្បី​លួច​មាន់ ។

ពេលនោះ​ជនរងគ្រោះ​ឮ​ឆ្កែ​ព្រុស​ក៏​បញ្ចាំង​ភ្លើង​ពិល​ឃើញ​ជនសង្ស័យ​កំពុង​ទាញ​សំណាញ់​លួច​មាន់ ទើប​ងើប​ពី​គ្រែ​ដេក​ស្ទុះ​ចេញទៅ​ចាប់​ជនសង្ស័យ​ ។​ ពេលនោះ​ជនសង្ស័យ​នាំគ្នា​វាយ​ជនរងគ្រោះ​ដួល​ទៅលើ​ដី​ហើយ​ជនសង្ស័យ​ឈ្មោះ​តួ​ស្ទុះ​ទៅយក​កាំបិតផ្គាក់​របស់​ជនរ​ង​គ្រោះ​នៅក្រោម​គ្រែ​កាប់​ទៅលើ​ជនរងគ្រោះ​ចំ​កញ្ចឹងក​,​ចំ​ថ្ពាល់​ខាងស្តាំ​និង​ចំក្បាល​របួសធ្ងន់​រួច​នាំគ្នា​គេចខ្លួន​បោះ​កាំបិតផ្គាក់​ចោល​នៅ​កន្លែងកើតហេតុ​។

​ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រួច​ក៏បាន​ស្លាប់​។​រហូតដល់​ម៉ោង​២២៖០០​នាទី​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​បក្ខពួក​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ជា​ហៃ​នៅ​ភូមិ​កើតហេតុ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់​៕ សណ្តោស


ចែករំលែក៖