ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិច្រានចោលសេចក្តីព្រាងច្បាប់របស់អាមេរិកស្តីពីតំបន់ហ្គាហ្សា

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កាល ពីថ្ងៃទី១ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តទៅលើសេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយ អាមេរិក ក្នុងការថ្កោលទោសទៅលើក្រុម ហាម៉ាស់ នៅប៉ាឡេស្ទីន ដោយសារតែអំពើ ហិង្សានៅហ្គាហ្សា។

អាមេរិកគឺជាប្រទេសតែមួយគត់ដែលបានបោះឆ្នោតគាំទ្រទៅលើសេចក្តីព្រាង ច្បាប់ខាងលើ ចំណែកប្រទេស១១ផ្សេង ទៀត បោះឆ្នោត អនុបវាទ និង ៣ប្រទេស ទៀត បោះឆ្នោតប្រឆាំង មាន រុស្ស៊ី គុយវែ៉ត និង បូឡាវី។

កាលពីចុងខែឧសភា អាមេរិក បានបោះឆ្នោតច្រានចោលសេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយប្រទេសគុយវែ៉ត ក្នុង នោះបានថ្កោលទោសអីុស្រាអែល ដែល ប្រើប្រាស់អំពើហិង្សាទៅលើ ក្រុមបាតុករ គ្មានអាវុធ។ គុយវែ៉តមានស្នើឲ្យមានវិធានការការពារពលរដ្ឋប៉ាឡេស្ទីន។ អាមេរិក បានរិះគន់ថា សេចក្តីព្រាងច្បាប់នោះមិនស្មើភាព ដោយគុយវ៉ែតមិនបានចោទ ប្រកាន់ក្រុមហាម៉ាស់ ដែលបង្កឲ្យមាន អំពើហិង្សា ដោយចោទតែលើប្រទេសអីុ ស្រាអែល។

ការបោះឆ្នោតពីរលើកនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបរា ជ័យទាំងពីរលើក ។ ក្នុងថ្ងៃជាមួយគ្នានោះ ដែរ កម្លាំងទាហានអីុស្រាអែល បានបាញ់សម្លាប់ស្ត្រីវ័យក្មេងជនជាតិប៉ាឡេស្ទីនម្នាក់ នៅហ្គាហ្សា ។ គិតចាប់តាំងពី ចុងខែ មីនាមកទល់ពេលនេះទាហានអីុស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន១២៣នាក់ និង របួសរាប់ពាន់នាក់។

ជាមួយនឹងលទ្ធផលអវិជ្ជមាន របស់ អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងតំបន់ ហ្គាហ្សា កំពុងជំរុញឲ្យតំបន់នេះឆ្ពោះទៅ រកមាត់រណ្តៅនៃសង្គ្រាម ។

កាលពីចុងខែឧសភា អីុស្រាអែលបានបើកការវាយប្រហារទៅលើហ្គាហ្សាជា ទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១៤មក។ កម្លាំងទាហានអុីស្រាអែល បានបើកប្រតិបត្តិការផ្លូវអាកាសវាយលើទីតាំងយោធារបស់ចលនាហាម៉ាសប្រមាណ៣០កន្លែងក្នុងតំបន់ហ្កាហ្សា។ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលអុីស្រាអែលហៅថាជា ទង្វើបង្កហេតុមុនរបស់ពួកប្រដាប់អាវុធហាម៉ាស់ និងជីហាដអ៊ិស្លាម ដែលបាន បាញ់រ៉ុកែ្កតនិងកាំភ្លើងត្បាល់ រហូតធ្វើឱ្យ ទាហានអ៊ីស្រាអែលបី នាក់រងរបួស។

ខ្ទប់ជាប់ម្ខាងដោយរបងយោធាអុីស្រាអែល ម្ខាងដោយអេហ្ស៊ីប និងសមុទ្រមេឌី ទែរ៉ាណេ តំបន់ហ្គាហ្សា បានរងការវាយ ប្រហារជាថ្មី យ៉ាងសន្ធាប់ខ្លាំងមិនធ្លាប់មានគិតចាប់តាំងពី អុីស្រាអែលនិងហាម៉ាស់ ចុះ បទឈប់បាញ់នឹងគ្នានៅឆ្នាំ២០១៤មក។ តាំងពីឆ្នាំ២០០៨មក អុីស្រាអែល ធ្លាប់ធ្វើសង្គ្រាមក្នុងតំបន់ហ្គាហ្សាចំនួនបីដងមកហើយ ទាំងអុីស្រាអែល និងហាម៉ាស់ដែល ចុះខ្សោយជាលំដាប់ យល់អំពីគ្រោះថ្នាក់ នៃសង្គ្រាម ប៉ុន្តែគំនាបរបស់អុីស្រាអែល និងអេហ្ស៊ីបរួមទាំង វិបត្តិសេដ្ឋកិច្ច និងភាព ទ័លច្រកនយោបាយ បានរុញច្រានប៉ាឡេស្ទីនឱ្យងាយធ្លាក់ក្នុងស្ថានភាពផ្ទុះកំហឹង។

សហរដ្ឋអាមេរិកដែលជាសម្ពន្ធមិត្តចាក់ទឹកមិនលេចរបស់អុីស្រាអែល បានបរិហារការបាញ់រ៉ុកែ្កតរបស់ចលនាហាម៉ាស់ប៉ាឡេស្ទីនកាលពីម្សិលមិញ និងបានស្នើសុំ ឱ្យមានជំនួបប្រជុំក្រុមប្រឹក្សាសន្តិសុខជា បន្ទាន់នៅល្ងាចនេះ ដើម្បីចេញសេចក្តី សម្រេចថ្កោលទោសថ្នាក់ដឹកនាំប៉ាឡេស្ទីន ចំពោះទង្វើនៅតំបន់ហ្គាហ្សា។ បើតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ គ្រាប់រ៉ុកែ្កតប៉ាឡេស្ទីនបាញ់ចេញពីហ្គាហ្សា ធ្លាក់ប៉ះចំលើទីតាំងស៊ីវិលមួយក្នុងសួនកុមារ៕ ម៉ែវ សាធី


ចែករំលែក៖