កាលពីថ្ងៃទី១ ខែមិថុនា ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថានឹងជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន តាមការកំណត់នៅថ្ងៃទី ១២ ខែមិថុនា ។ ការបញ្ជាក់របស់លោកត្រាំគឺបានបញ្ចប់នូវការមន្ទិលសង្ស័យរបស់ពិភពលោកជុំវិញជំនួបដ៏សំខាន់នោះ។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំសូមបញ្ជាក់ថា ទំនាក់ទំនងថ្មីរវាង អាមេរិកនឹងកូរ៉េខាងជើង នឹងចាប់ផ្តើមនៅ ថ្ងៃទី១២ ខែមិថុនា»។
ការប្រកាសរបស់លោកត្រាំធ្វើឡើងក្រោយជំនួបជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង នៅសេតវិមាន ។ លោកត្រាំបាន ប្រកាសថា« ខ្ញុំគិតថា ជំនួបពិភាក្សានឹង ទទួលបានជោគជ័យមានលទ្ធផលល្អ ដែលយើងចង់បាន »។
កាលពីថ្ងៃទី១ ខែមិថុនា ឯកអគ្គរដ្ឋទូត កូរ៉េខាងជើង Kim yong Chol ដែលមាន រហស្សនាមថាជាមេទ័ព និង មេចារកម្ម កូរ៉េខាងជើង បានទៅដល់សេតវិមាន ដើម្បីផ្តល់សារសំខាន់របស់មេដឹកនាំគីម ជុងអ៊ុន ទៅឲ្យលោកត្រាំដោយផ្ទាល់ដៃ។
ដូចអ្វីដែលប្រធានាធិបតីដូណាលត្រាំធ្លាប់បានលើកឡើងថា លោកបានរង់ចាំ ទទួលលិខិត ពីមេដឹកនាំកូរ៉េខាងជើង ហើយ ខ្លឹមសារនៅក្នុងលិខិតគឺជា អ្វីដែលបាន រង់ចាំ។ លោកត្រាំបញ្ជាក់ថា នឹងមិនមានការដាក់ទណ្ឌកម្មថ្មីណាមួយទៅលើកូរ៉េខាងជើងទៀតឡើយ លើកលែងតែ កិច្ចពិភាក្សានាពេលខាងមុខត្រូវលុបចោល។
កាលពីថ្ងៃទី២៤ខែឧសភានៅពេលដែលកូរ៉េខាងជើងបានបំផ្លាញទីតាំងសាកល្បង បរមាណូ Punggye-ri តាមការ សន្យា បានធ្វើឲ្យលោកត្រាំ ប្រកាសបន្តជំនួប ពិភាក្សាជាមួយគីម ជុងអ៊ុន ក្រោយមួយ ថ្ងៃដែលបានប្រកាសផ្អាក។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ ប្រទេសកូរ៉េខាង ជើង ស្នើកូរ៉េខាងត្បូងឲ្យបើកព្រឹត្តិការណ៍ រួមគ្នាដំបូងបំផុត ដើម្បីអបអរដល់កិច្ចប្រជុំកំពូលអន្តរកូរ៉េ។
សំណើខាងលើត្រូវបានធ្វើឡើង នា ឱកាសកិច្ចជួបពិភាក្សាកម្រិតខ្ពស់ រវាងមន្រ្តីរដ្ឋាភិបាលកូរ៉េខាងជើង នឹងកូរ៉េខាងត្បូង នៅឯភូមិព្រំដែន Panmunjom ដើម្បីជជែក ពីទំនាក់ទំនង ក៏ដូចជាកិច្ចការអន្តរកូរ៉េ។ កិច្ចសន្ទនាជាន់ខ្ពស់នេះ បានប្រព្រឹត្តទៅ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន និងប្រមុខដឹកនាំកំពូលកូរ៉េខាង ជើង លោក គីម ជុងអ៊ុន បានបើកកិច្ចពិភាក្សាជាលើកទីពីរដោយស្ងាត់ៗ កាលពីថ្ងៃទី ២៦ ខែឧសភា នៅភូមិ Panmunjom។
គួរជម្រាបថា កិច្ចប្រជុំកំពូលអន្តរកូរ៉េ ដំបូងបំផុត ត្រូវបានប្រារព្ធឡើងកាលពីខែមិថុនា ឆ្នាំ២០០០ នៅឯរដ្ឋធានីព្យុងយ៉ាង។ នៅក្រោយជំនួបនេះ សេចក្តីប្រកាសរួម «១៥ មិថុនា» ត្រូវបានធ្វើឡើងដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម ដេជុង និងអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអុីល ដែលជាឪពុករបស់ លោក គីម ជុងអ៊ុន៕ ម៉ែវ សាធី