ព័ត៌មានទាន់ហេតុការណ៍៖

ជាប់​គុក​មួយ​ជីវិត​ហើយ​ វៀតណាម​រំលោភ​សម្លាប់​ក្មេង​ស្រី​អាយុ​៤ឆ្នាំ​ ញាត់​ចូល​ពាង​

ចែករំលែក៖

ភ្នំពេញ៖ ​លោក​ស្រី​ កែវ​ សុគន្ធា​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទ​ប្រកាន់​យុវជនជនជាតិវៀតណាមម្នាក់ដែលពាក់ព័ន្ធ​ការ​ធ្វើសកម្មភាពចាប់រំលោភ​សេពសន្ថវៈ​ក្មេងស្រីអាយុ៤ឆ្នាំ​ រួច​សម្លាប់​ញាត់​ចូល​ពាង​ ​ពី​បទ​”ឃាតកម្ម​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​”តាម​មាត្រា​២០៥នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

មាត្រា​២០៥ចែង​ថា​”ឃាតកម្ម​ដែល​កើត​ក្នុង​ពេល​ឬ​ក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬ​ អំពើ​រំលោភ​សេពសន្ថវៈ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។

នៅ​ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨​ ជនត្រូវចោទ​និង​សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ដើម្បី​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។

យុវជនជនជាតិវៀតណាមរូបនេះឈ្មោះ ង្វៀង យាំងយី ហៅ អាដំឡូង អាយុ៣៣ឆ្នាំ មុខរបរ លក់ដំឡូង។

ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ខ ស ច អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ខា ហូល អាយុ៣២ឆ្នាំ មានម្តាយ ឈ្មោះ ចាន់ ធីជី ហៅម៉ា ចាយ អាយុ២៦ឆ្នាំ ហើយក្មេងស្រីរងគ្រោះ ជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ស្រី៣នាក់ ប្រុសម្នាក់ ។

នគរបាលបានឱ្យ​ដឹងថា កាលពីវេលាម៉ោង៧៖២៥យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះ បានរត់លេងងូតទឹកភ្លៀង ហើយត្រូវបានជនសង្ស័យ លួងលោមនាំយកទៅ ចំណុចផ្ទះចាស់ទុកចោលមួយកន្លែង តាមផ្លូវជាតិលេខ៥ក្នុង ក្រុម៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ អង្អៀល ស្ទាបប្រដាប់ភេទ ហើយចាប់រំលោភ​សេពសន្ថវៈ​ ដៃខ្ទប់មាត់ជាប់ ធ្វើឱ្យ​ជនរងគ្រោះថប់ដង្ហើមរហូតដល់ស្លាប់ ហើយបានយកក្មេងស្រីរងគ្រោះញាត់ចូលពាង ក្នុងបន្ទប់ទឹក ផ្ទះរួចហើយជនសង្ស័យលូនចេញតាមបង្អួច ទៅសម្ងំនៅមាត់ទន្លេ ។

នគរបាលបន្តទៀតថា ឪពុកម្តាយក្មេងស្រី ដោយបាត់កូនយូរមិនឃើញមកផ្ទះ នៅវេលាម៉ោង៨៖៣០យប់ថ្ងៃដដែល ក្រុមគ្រួសារ ចែកគ្នាដើរតាមស្វែងរក ហើយបានប្រទះឃើញ កូនស្រីស្លាប់ក្នុងពាងទឹកក្នុងសភាពអាក្រាតកាយ មានហូរឈាមផង មិនអស់ចិត្ត អាណិតកូនស្រី ព្យាយាមដឹកយកទៅមន្ទីរពេទ្យបង្អែក សម្តេចឪ តែត្រូវបានគ្រូពេទ្យប្រាប់ថា ក្មេងស្រីរងគ្រោះបានស្លាប់ហើយ ទាំងក្រុមគ្រួសារស្លុតចិត្តទើប រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង ហើយធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ច ស្វែងរក ប្រទះឃើញជនសង្ស័យនៅមាត់ទន្លេ ទើបចាប់បាន នាំទៅធ្វើការសាកសួរតាមនីតិវិធី ។

ចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន សារភាពទាំងអស់នូវសកម្មភាពដែលខ្លួនបានប្រព្រឹត្ត ៕ ចេស្តា


ចែករំលែក៖