ខេត្តកំពង់ចាម ៖ ទីតាំងបើកល្បែងស៊ីសងមួយកន្លែងរួមមានបញ្ជល់មាន់ អាប៉ោង ស្ថិតនៅចំណុចភូមិសណ្តែក ឃុំសំពងជយ័ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ។ សកម្មភាពក្នុងការចុះបង្ក្រាបគេឃើញចាប់បានតែវត្ថុតាងប៉ុណ្ណោះ ចំណែកអ្នកលេងរត់គេចបាត់អស់ ។
ការចុះបង្ក្រាបធ្វើឡើងកាលពីវេលាម៉ោង១៣ និង២០ នាទី ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ដឹកនាំដោយលោក វរសេនីយ៍ឯក ប្រាក់ សុគន្ធ អធិការនគរបាលស្រុក តាម បទបញ្ជាលោកស្នងការ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ជូន ។
លោកប្រាក់ សុគន្ធ អធិការនគរបាលស្រុកជើងព្រៃបាន ឲ្យដឹងថា ជាលទ្ធផលសមត្ថកិច្ចរឹបអូសវត្ថុតាងរួម មាន៖ ម៉ូតូចំនួន៤៣គ្រឿង មាន់ចំនួន៥ក្បាល ចាននិង ហាន់តោអាប៉ោងចំនួនមួយសម្រាប់ ។ លោកបញ្ជាក់ថា អ្នកលេងបានរត់គេចខ្លួនបាត់អស់ ដោយសារក្រុមអ្នក លេងតែងតែរៀបចំកម្លាំងបណ្តាញឲ្យចាំមើលផ្លូវ ។
ចំពោះវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការ ដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ វណ្ណៈ