ខេត្តកណ្តាល៖ រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងក្នុងចំណោមប្រាំគ្រឿងពីខេត្តកំពង់ធំ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ លី សុជាតិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះប្រតិបត្តិការណ៍ឃាត់រថយន្តដឹកឈើទាល ប្រភេទលេខ២បានមួយគ្រឿង ខណៈរថយន្ត០៤គ្រឿងទៀតបានព្យាយាមបើករត់គេចចូលក្នុងដេប៉ូបាត់ ។
ហេតុការណ៍ចុះប្រតិបត្តិការណ៍នេះបានកើតឡើងនៅយប់ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០១និង៤៥នាទីយប់ នៅចំណុចភូមិថ្មី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពព័ត៌មានច្បាស់ការបានប្រាប់ឲ្យដឹងថា មុនពេលឃាត់រថយន្ត ប្រជាពលរដ្ឋបានរាយការណ៍ថាមានរថយន្តប្រភេទសាំយ៉ុង ដឹកឈើពេញហៀរគូទរថយន្ត ចេញពីខេត្តកំពង់ធំ ឆ្ពុះមកទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ០៦A ទើបកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ពួកស្ទាក់ចាប់បានរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2AR.0867 ដឹកឈើទាល ប្រភេទលេខ០២ បានប្រហែលជិត០៦ម៉ែត្រគូប និងរថយន្ត០៤គ្រឿងទៀតបានបើករថយន្តជែងកៀរពីការឃាត់របស់សមត្ថកិច្ចបាត់ទៅ ។
ប្រភពច្បាស់ការបានបន្តរទៀតថា បន្ទាប់ពីឃាត់រថយន្តមួយគ្រឿងហើយ រថយន្ត០៤គ្រឿងទៀតបានបើករថយន្តរត់គេចពីទីតាំងឃាត់នៅខាងលើរហូតដល់ទីតាំងដេប៉ូឈ្មោះ ស្រីសរ ក្បែរគល់ស្ពានលីយ៉ុងផាត់ ខណ្ឌ័ព្រែកព្នៅ បាត់ស្រមោល ទើបមួយសន្ទុះមានមេការប្រចាំនៅដេប៉ូរលក់ឈើឈ្មោះ ស្រីស នោះបានចេញមកហើយ បាននិយាយថា រថយន្តដែលដឹកឈើបើកចូលដេប៉ូខាងលើនោះ បានបង់លុយឲ្យឈ្មោះណាង មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ ចាត់ចែងឲ្យខាងសង្កាត់ ខាងខណ្ឌ ខាងផ្នែក ខាងអធិការរដ្ឋបាលព្រៃឈើអស់ហើយ ឲ្យតែរថយន្តដឹកឈើចេញមកតាមបណ្តោះផ្លូវជាតិ០៦A ។
បើតាមនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបញ្ជាក់ថា បន្ទាប់ពីឃាត់រថយន្តដឹកឈើហើយ កម្លាំងជំនាញបានកសាងសំណុំរឿង និងប្រគល់រថយន្ត និងឈើឲ្យខាងរដ្ឋបាលព្រៃឈើសង្កាត់ស្រុកអង្គស្នួលដើម្បីបន្តតាមផ្លូវច្បាប់៕ ឆ ដា