ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបជុំជាមួយប្រធានសាខាបក្ស ប្រធានអនុសាខាបក្ស ប្រធានក្រុមបក្សខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីឈានទៅដណ្តើមយកជ័យជំនៈនៅថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខនេះ នៅព្រឹកថ្ងៃ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយប្រធានសាខាបក្ស ប្រធានអនុសាខាបក្ស ប្រធានក្រុមបក្ស និងសមាជិកសមាជិកាបក្ស ចំនួន៥១២៨នាក់ ចំណុះឲ្យគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ ។

ក្នុងពិធីនេះដែរសម្តេចវិបុលសេនាភក្តីបានមានប្រសាសន៍ទៅកាន់សមាជិក សមាជិកា គណបក្សដូច្នេះថា សម្រាប់អាណត្តិថ្មីនេះគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី២០ ងាយស្រួលចាំ ងាយស្រួលគូស គឺលេខរៀងនៅខាងក្រោមគេបង្អស់ មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ។

ប៉ុន្មានអាណត្តិកន្លងទៅនេះមានតែគណបក្សប្រជាជនតែមួយប៉ុណ្ណោះ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេសបោះឆ្នោតឈ្នះគ្រប់អាណត្តិដើម្បីដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយក៏ជាគណបក្សការពាររបបជារានិយមបានរឹងមាំបំផុត ការពារសន្តិភាព ស្ថេរភាពនយោបាយ មិនឲ្យបរទេសចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសបានជាដាច់ខាត ។

ជាមួយគ្នានេះដែរសម្តេចវិបុលសេនាភក្តីបានសង្កត់ធ្ងន់ថា ក្រោយថ្ងៃជ័យជំនះ៧ មករា មានតែគណបក្សប្រជាជនទេ ដែលដឹកនាំប្រទេសតាំងពីបាតដៃទទេរហូតទទួលបានសន្តិភាពទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងទទួលបានការគាំទ្រពីអន្តរជាតិ ។ សមិទ្ធិផលជាច្រើន ដែលកើតក្រោយថ្ងៃជ័យជំនៈ៧មករា ត្រូវបានថែរក្សាទុក និងបន្តអភិវឌ្ឍន៍សមិទ្ធិផលថ្មីៗជាច្រើនទៀតរួមមានផ្លូវ ស្ពានអាកាស ស្ពានឆ្លងកាត់ទន្លេ ផ្លូវក្រោមដី អាគារពាណិជ្ជកម្មខ្ពស់ៗលំដាប់អន្តរជាតិ ផ្សារទំនើប និងសមិទ្ធិផលថ្មីៗជាច្រើនទៀតនិងបន្តកើតមានឡើងនៅទូទាំងប្រទេស ។ មានគណបក្សប្រជាជនកម្ពុជាប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ រួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយឲ្យបានរឹងមាំ តាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ៕ សណ្តោស


ចែករំលែក៖