ភ្នំពេញ៖ គូស្នេហ៍ជ្រកក្រោមដំបូលតែមួយ លោក ជា ដេរីត និង កញ្ញា ទេព បូព្រឹក្ស បានទទួលស្គាល់ថាពួកគេពិតជាមានទំនាក់ទំនងស្នេហ៍នឹងគ្នាពិតមែនរហូតពួកគេបោះទុនរាប់ម៉ឺនដុល្លាររួមគ្នាដើម្បីបង្កើតមុខជំនួញរួមគ្នា។ ពួកគេទទួលស្គាល់ថាទោះស្នេហារឹងមាំក៏ជាញឹកញាប់ពួកគេឈ្លោះ អន់ចិត្ត ប្រកែក ប្រចណ្ឌគ្នាដែរ។
ក្រៅពីមិនមានគម្រោងចូលរោងការ ងួន ចាន់ដេវីត និង ទេព្យ បូព្រឹក្សក៏មិនមានគម្រោងរៀបចំពិធីភ្ជាប់ពាក្យដែរ បើទោះបីជាពួកគេទើបប្រកាសបើកជំនួញលក់គ្រឿងសម្អាងថ្លៃ១៤ម៉ឺនដុល្លារអាមេរិករួមគ្នាក៏ដោយ។ ម្ចាស់បទ “រាំញីកែងជើង” លោក ដេវីត បញ្ជាក់ថា ពួកយើងចង់មានមុខរបរ លុយកាក់សមល្មមួយទើបសម្រេចចិត្តគិតរឿងរៀបការ។ លោកថាបច្ចុប្បន្ន ស្នេហារវាងលោក និងគូស្នេហ៍នៅតែដដែល បើទោះបីជាពេលខ្លះឈ្លោះប្រកែកគ្នាខ្លះក៏ដោយ។ លោកថាធម្មតាស្នេហាមិនមែនគ្រប់ពេលសុទ្ធតែផ្អែមល្ហែមនឹងគ្នាទេគឺមានពេលខ្លះត្រូវតឹងសរសៃកដាក់គ្នា។ លោកថាពេលខ្លះកើតចេញពីការនឿយហត់នឹងការងារ ការប្រចណ្ឌ ខឹងគ្នា ជាដើមប៉ុន្តែហាក់មិនបានយូរទេហើយពេលខ្លះលោកសុខចិត្តទទួលកំហុសដើម្បីឲ្យគូស្នេហ៍សប្បាយចិត្ត។ លោកថាការអូសបន្លាយពេលមើលចិត្តថ្លើមគ្នាកាន់តែយូរមិនមែនមិនល្អទេគឺកាន់តែមើលគ្នាបានច្រើននិងគ្រប់ជ្រុងជ្រោយ អ្វីដែលលោកជឿជាក់គឺលោក និងបូព្រឹក្សមានចំណុចដូចគ្នាច្រើន។
ថ្លែងស្រដៀងគ្នានេះដែរ កញ្ញា ទេព បូព្រឹក្សលើកឡើងថា នាងពិតជាមនុស្សប្រចណ្ឌច្រើន ប៉ុន្តែព្រោះស្រលាញ់និងហួងហែង ហើយពេលខ្លះ ដេរីតក៏ប្រចណ្ឌនាងនិងបុរសផ្សេងដែរ។ បូព្រឹកថាការមិនភ្ជាប់ពាក្យ ឬរៀបការក៏មិនខ្វល់ពីមតិមហាជនរិះគន់លើទំនាក់ទំនងស្នេហាខ្លួនឡើយហើយប្រសិនបើទៅថ្ងៃខាងមុខពួកគេមិនអាចបន្តទៅមុខក៏អ្នកទាំងពីរមិនស្ដាយក្រោយឡើយ។
គួរបញ្ជាក់ដែរថា ចំណងស្នេហ៍ទេព បូព្រឹក្ស និង ងួន ចាន់ដេវីតបានលេចឡើងជាងមួយឆ្នាំមកហើយក្រោយពី ធ្លាយរឿងការមើលមុខគ្នាលែងចំរវាង ដេវីត និងដៃគូចាស់អ្នកនាង ពេជ្រ សោភា នោះ។ ពួកគេបានបង្ហាញភាពផ្អែមល្ហែមខ្លាំងតាមរយៈរូបថត ការទិញកាដូតម្លៃថ្លៃកប់ពពក និងបង្ហាញស្នេហាដោយបើកចំហរឲ្យអ្នកគាំទ្របានដឹង៕ វឌ្ឍនា