ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ បងប្អូសាសនិកខ្មែរ អ៊ីស្លាមជាង១០០០នាក់ ខេត្ដកំពង់ឆ្នាំងមកទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន ក្រោមដំបូលសន្ដិភាព

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅឯការិយាល័យ គណៈអ៊ីមាំ ក្នុងភូមិព្រៃពីស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង បាន រៀបចំពិធីជួបជុំទទួលទានអាហារស្រាយបួស រ៉ាម៉ាឌនតាមទំនាមទម្លាប់សាសនិកឥស្លាម ក្រោមដំបូលសន្ដិភាព ដែលប្រជាពលរដ្ឋបានអញ្ជើញមកពីបណ្តា ភូមិ ឃុំ ក្នុងស្រុកកំពង់ត្រឡាច និងតំណាងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំង ជាង១០០០នាក់ ។ ពិធីនេះធ្វើឡើងនារាត្រីថ្ងៃអាទិត្យ៥រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិ ព.ស២៥៦២ ត្រូវនិងថ្ងៃទី ០៣ មិថុនា ២០១៨ ក្រោមអធិបតីភា លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង លោក សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក្រោមការរៀបចំរបស់គណៈអ៊ីម៉ាំខេត្តកំពង់ឆ្នាំង ដែលឧបត្ថម្ភដោយ សប្បុរស ជនម៉ាឡេស៊ី ។

លោក សុះ កំរ៉ី លើកឡើងថា៖ បួស ជាពិធីបែបសាសនា ដែលព្រះជាមម្ចាស់ បានដាក់ជាកាតព្វកិច្ចដល់មនុស្សលោកតាំងពីដើមកំណើតមនុស្សលោក ដើម្បីសម្របខ្លួនបុគ្គលគ្រប់រូប និងការដាក់ខ្លួនអោយមានភាពស្មើគ្នា ហើយជាការរក្សាតុល្យភាពរបបអាហារក្នុងកម្រិតវេលាដ៏ជាក់លាក់ ដែលផ្តល់ផលអត្ថប្រយោជន៍ជាច្រើន ទាំងសុខភាព បុគ្គល និង សង្គម។

លោក អូស្មាន ហាស្សាន់ ប្រសាសន៍ថា ៖ ពិធីទទួលទានអាហារ ស្រាយបួសរ៉ាម៉ាឌនក៏ជាសមិទ្ធផលមួយដ៏ត្រចះត្រចង់ ក្នុងសមិទ្ធផលសាសនាជាច្រើន ដែលយើងតែងតែទទួលបានកាគាំទ្រ និង អោយតម្លៃខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយក្រោមការយកចិត្តទុកដាក់នេះហើយ ពិធីស្រាយបួសលក្ខណៈជាតិ ក៏ត្រូវប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំជូនសហគមន៍ អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ដែលឆ្នាំ ២០១៨ នេះ គឺជាការរៀបចំលើកទី៥ បានរៀបចំឡើងនាថ្ងៃទី២៩ ឧសភា ២០១៨ ក្រោមវត្តមានជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានសាសនិកអញ្ជើញពីទូទាំងប្រទេស មកចូលរួមជិត ៥០០០ នាក់ ក្នុងនោះក៏មានបរទេសមកពី ៣៣ប្រទេស ជាង ២០០នាក់ បានចូលរួមអបអរសាទរពិធីនេះ ។

លោក អូស្មាន ហាស្សាន់ ក្រើនរំលឹកដល់បងប្អូន អំពីគុណបំណាច់ជាច្រើន ដែលសហគមន៍ទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល ស្របពេលជាមួយនេះដែរ លោកក៏បានអំពាវនាវ ដល់មហាជន ចូលរួមក្នុងពិធីនេះសូមបងប្អូនពង្រឹងគោលជំហ បន្ដគាំទ្ររាជរដ្ឋាភិបាលអោយកាន់តែខ្លាំងឡើងថែមទៀត ជាពិសេស សូមបងប្អូនកុំភ្លេចទៅចូលរួមបំពេញកាតព្វកិច្ចនៅថ្ងៃទី២៩ កក្កដា ២០១៨ នេះ ជាឱកាសសម្រាប់យើងគ្រប់គ្នា ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ និង សូមបោះឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជា ដែលឈរនៅលេខរៀងទី២០ ដើម្បីបន្ដគាំទ្រឲ្តសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន សម្បូរសម្បាយ ប្រកប ដោយសុខសន្ដិភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា ៕ សំរិត


ចែករំលែក៖