ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិ០៣ សង្កាត់លេខ០១ក្រុង ខេត្តព្រះសីហនុបានសំដែងការហួសចិត្តជាមួយមន្ត្រីជំនាញ(អតីត)ការិយាល័យភូមិបាលខ័ណ្ឌមិត្តភាព និង អាជ្ញាធរមូលដ្ឋានគ្មានវាចារ និងថ្លែង និងមានចម្ងល់ដក់ជាប់ក្នុងចិត្ត ខណ:បានឃើញសកម្មភាពអ្នកមានប្រាក់យកបង្គោលបេតុងទៅបោះហ៊ុំព័ទ្ធយកផ្ទៃបឹងទឹកពីធម្មជាតិជាកេត្តិ៍ដំណែលពីដូន តា មកយកទៅធ្វើជាកម្មសិទ្ធិ ។
ប្រភពខាងលើបានឲ្យដឹងបន្តទៀតថាបឹងទឹកធម្មជាតិដែលកំពុងបាត់បង់ជាបណ្តើរៗ មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ០៤ ខាងមុខរោងចក្រផលិតស្រាបៀរអង្គរស្ថិតក្នុងភូមិ០៣ សង្កាត់លេខ០១ ក្រុង ខេត្តព្រះសីហនុ ។
បឹងខាងលើមានបណ្តោយប្រមាណជិត៤០០ម៉ែត្រ និងទទឹងប្រមាណជាជាង១០០ម៉ែត្រពេលនេះត្រូវបានលោកឡាយ ប៊ុុន ប៉ា ដែលអះអាងថាជាម្ចាស់កម្មសិទ្ធិដីបឹងយកបង្គោលថ្មបេតុង យកទៅបោះហ៊ុំព័ទ្ធយក បង្ករឲ្យមានការភាក់ផ្អើល និងរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋថា មន្ត្រីការិយាល័យជំនាញខិលខូចខាងលើកន្លងមកបានឃុបឃិតជាមួយអ្នកមានប្រាក់ក្នុងការធ្វើប័ណ្ណសំគាល់អចលនវត្ថុ យកដីនៅក្នុងបឹងទឹកពីធម្មជាតិបំរើប្រយោជន៍សាធារណ:សម្រាប់កូនចៅជំនាន់ក្រោយលក់បន្តពីម្នាក់ ទៅម្នាក់ ទាំងមិនមានការខ្មាសអៀន បំពានទាំងច្បាប់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាក្នុងជំពូកទី០៥ មាត្រា៥៨បានចែងថា ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាថ៏ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិជាសម្បត្តិរដ្ឋ ។
លោក ឈិត សូផាត ចៅសង្កាត់លេខ០១ ក្រុង ខេត្តព្រះសីហនុ បានឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី០២ ខែមិថុនាឆ្នាំ២០១៨កន្លងមកថាជុំវិញការយកបង្គោលថ្មបេតុងទៅបោះហ៊ុំព័ទ្ធយកដីក្នុងបឹងទឹកខាងលើនេះលោកក៍បានដឹងខ្លះៗដែរថាដោយសារអ្នកយកបង្គោលទៅបោះនោះគេមានបណ្ណ័សំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ក្នុងពាក្យសុំកាន់កាប់ប្រើប្រាស់ដីធ្លី ក្នុងអំឡុងឆ្នាំ១៩៩៥ ដែលចុះហត្ថលេខាដោយលោក ព្រំ ស៊ន ចៅសង្កាត់រង មិនមែនរូបលោកទេ ។
អតីត មន្ត្រីនៅក្នុងការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលខ័ណ្ឌមិត្តភាពម្នាក់ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាឯកសារដែលពាក់ព័ន្ធក្នុងការឃុបឃិតគ្នាធ្វើប័ណ្ណសំគាល់អចលនវត្ថុយកដីបឹងខាងលើ បន្ទាប់ពីចៅសង្កាត់រង ខាងលើចុះហត្ថលេខារួចបានបន្តនិតិវិធីមកការិយាល័យភូមិបាលខ័ណ្ឌមិត្តភាពដែលចុះហត្ថលេខាដោយលោក លឿង សុផល នៅថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ១៩៩៧ រួចបន្តទៅនាយកដ្ឋានសុរោយោដី ដែលចុះហត្តលេខានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ១៩៩៧ ដោយលោកប្រធានស្តីទីលឹម វាន់ សម្រេចផ្តល់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ព.ន ០០៣៩៦២ ឲ្យមកឈ្មោះជា សឿន និងបានធ្វើការលក់បន្តបន្ទាប់ពីម្នាក់ទៅម្នាក់រហូតមកដល់ម្ចាស់ចុងក្រោយនេះលោកឡាយ ប៊ុន ប៉ា កំពុងតែបោះបង្គោលថ្មបេតុងរំលោភចូលក្នុងបឹងធ្វើឲ្យប្រជាពលរដ្ឋកើតក្តីក្តៅក្រហាយនាំគ្នាដាក់បណ្តាសារជាប់មិនដាច់ពីម្នាក់ទៅម្នាក់ ដោយហេតុថា កន្លងមកពួកគាត់ធ្លាប់បានធ្វើការនេសាទ ដាក់មងបានត្រី បានអាស្រ័យផលមានទាំងបន្លែមានទាំងម្ហូបជាលក្ខណ:គ្រួសារតាំងពីដើមរៀងមក ។
លោកមិន មន ប្រធានការិយាល័យរៀបចំដែនដី និងភូមិបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជុំវិញបញ្ហាខាងលើលោកមិនមានពេលបកស្រាយទេដោយលោកជាប់រវល់ចុះវាស់វែងដីជូនប្រជាពលរដ្ឋ ។
លោកយន្ត មីន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងតាមតេលេក្រាម ថា ឆ្នាំមុនលោកមានគំរោងធ្វើជាសួនច្បារ តែអ្នកដែលអះអាងថាជាម្ចាស់ដីបឹងឈ្មោះឡាយ ប៊ុនប៉ោគេមានប្លង់កម្មសិទ្ធិដើមឈ្មោះជា សឿនបានមកបោះបង្គោល ខ្ញុំបានឲ្យដកចោលគាត់ក៍បានប្តឹងទៅក្រសួងដែនដី ហើយលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានអន្តរាគមន៍មកថា ត្រូវគោរពច្បាប់កម្មសិទ្ធិគេ កុំរំលោភច្បាប់ទើបខ្ញុំអនុញាតឲ្យគេយកត្រឹមច្បាប់អនុញាតិនោះចុះ ។
ដោយឡែកលោក ឡាយ ប៊ុនប៉ា ដែលអះអាងថា ជាម្ចាស់ដីបឹងខាងលើ មិនអាចស្វែងរកការបកស្រាយជុំវិញការយកបង្គោលថ្មទៅបោះហ៊ុំព័ទ្ធយកដីបឹងខាងលើនេះបានទេ ៕ ឆ្លាម សមុទ្រ