ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តច្នៃបែនដឹកដីធ្លាក់សង្កត់បុរសម្នាក់ខណៈកំពុងជួសជុលបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសជាអ្នកបើករថយន្តច្នៃបែនដឹកដីម្នាក់ត្រូវបានរថយន្តបែនធ្លាក់សង្កត់ពីលើស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងជួសជុលរថយន្តដោយមិនប្រយ័ត្ន ។ ករណីគ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចទួលអណ្ដូង ភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្ដកណ្ដាល ។

មន្រ្តីនគរបាលស្រុកល្វាឯមបានឲ្យថឹងថា ជនរងគ្រោះឈ្មោះ ជ័យ ប៊ុនធីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកបររថយន្តដឹកកម្មករ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល ។ ចំណែកឯរថយន្តជាប្រភេទរថយន្តឆ្នៃ បែនដឹកដី ជាកម្មសិទ្ធិរបស់ឈ្មោះ ហយ សុខា រស់នៅភូមិឃុំជាមួយគ្នា ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនជនរងគ្រោះបានទៅបើករថយន្តបែនដឹកដីរបស់ឈ្មោះ ហយ សុខា ដោយដឹកដីទៅចាក់ឲ្យឈ្មោះ សាន ស៊ុននី ។ លុះមកដល់ពេលកន្លែងចាក់ដីបានបែនដីចាក់ តែពុំដឹងរថយន្តនោះមានបញ្ហាអ្វី ស្រាប់តែជនរងគ្រោះបានចុះពីលើរថយន្តយកម៉ាឡេតទៅអង្គុយដោះកន្លែងបែន ខណៈនោះក៏ធ្លាក់បែនសង្កត់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចមកធ្វើការពិនិត្យនៅកន្លែងកើតហេតុ ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តត្រូវបានសមត្ថកិច្ចយមកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖