ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបអ្នកញៀនល្បែងសុីសជនជាតិចិន១៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលបានបើកប្រតិបត្តិការចុះបង្ក្រាបអ្នកញៀនល្បែងសុីសងជាជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​១៤​នាក់​ ខណៈ​កំពុង​ប្រមូលផ្តុំ​គ្នា​លេងល្បែង​ស៊ីសង (​បៀ​ចិន​ម៉ា​ជាំ​ង​) ។

ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពី​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅ​ក្នុង​បុរី​មួយ​កន្លែង ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា មុន​ឈាន​ទៅ​ឃាត់​ក្រុម​លេងល្បែង​ស៊ីសង​ខាងលើ ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ពី​ទីតាំង​ខាងលើ​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ ទើប​នគរបាលខណ្ឌ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​វរៈសេនីយ៍ឯក យឹ​ម សា​រ៉ា​ន់ អធិការ​ខណ្ឌ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើបកម្លាំង​នគរបាល​ខណ្ឌ​ចុះ​ទៅ​បង្ក្រាប​ដល់ទី​តាំង​ខាងលើ និង​​ឃាត់ខ្លួន​បាន​ជាក់ស្តែង​អ្នកលេង​ល្បែងស៊ីសង​ប្រុស​ចំនួន​១០​នាក់ និង​ស្រី​ចំនួន​៤​នាក់ ព្រមទាំង​ដកហូត​បាន​តុសម្រាប់​លេង​៤​ឈុត គ្រាប់​ម៉ា​ជាំ​ង​មួយ​ចំនួន ដោយឡែក​លុយ​វិញ​សមត្ថកិច្ច​មិន​បាន​ដកហូត​ទេ​គឺ​ឲ្យ​ក្រុម​អ្នកលេង​ល្បែង​ខាងលើ​រក្សា​ទុក​រៀង​ៗ​ខ្លួន ​។

សមត្ថកិច្ចបានបញ្ជាក់ថា ករណី​ខាងលើ​សមត្ថកិច្ច​មិន​ទាន់​បាន​​សាកសួរ​ចេញ​នៅឡើយ ព្រោះថា​អាច​ជាប់​ពាក់ព័ន្ធ​ប៉ុន្មាន​អ្នក​ទៀត ដោយ​រង់ចាំ​មាន​អ្នកបកប្រែ​សិន​។

បច្ចុប្បន្ន ជនជាតិ​ចិន​ប្រុស​ស្រី​ទាំង​១៤​នាក់​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​កន្លែង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់​​ចាំ​​សាកសួរ​ពេល​ក្រោយ​ ៕ សុខាសែនជ័យ


ចែករំលែក៖