ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានដឹកនាំកម្លាំងដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធរឹតបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ស្រាប់តែត្រូវក្រុមក្មេងទំនើងមានគ្នា២នាក់ ព្យាយាមជិះម៉ូតូរត់គេចខ្លួន ក៏ជ្រុលទៅបុកបារ៉ាស់របស់សមត្ថកិច្ចទាំងកំរោល ភ្លាមនោះឃាត់ខ្លួនបានយុវជន២នាក់ យកមកធ្វើការអប់រំនិងកិច្ចសន្យាផងដែរ ។
ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ២១៧ មុខវត្តសំបួរមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ក្រោមការដឹកនាំលោកអភិបាលរងខណ្ឌដង្កោ និងលោកវរសេនីយ៍ត្រី ឈឹម ប៊ុនរ័ត្ន អធិការរងនគរបាលខណ្ឌដង្កោ ព្រមទាំងបានសហការជាមួយកម្លាំងសណ្តាប់ធ្នាប់របស់សាលាខណ្ឌសរុប៥០នាក់ ។
យោងតាមសម្តី លោក ឈឹម ប៊ុនរ័ត្ន អធិការរងនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ តែងតែដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធ ដើម្បីរឹតបន្តឹងសន្តិសុខក្នុងមូលដ្ឋាន និងអនុវត្តគោលយោបាយភូមិសង្កាត់មានសុវតិ្ថភាពឲ្យបានល្អប្រសើរ ក៏ដូចជាបានកាត់បន្ថយបទល្មើសគ្រឿងញៀនជាដើម ។
លោកអធិការរង បន្តទៀតថា ក្រោមពីកម្លាំងសមត្ថកិច្ចខណ្ឌដាក់គោលដៅជាប្រចាំនៅលើដងផ្លូវ២១៧ ក្នុងមូលដ្ឋានខណ្ឌដង្កោកន្លងមកនេះ សង្កេតឃើញថា បទល្មើសគ្រឿងញៀន ត្រូវបានកាត់បន្ថយច្រើនដោយគ្មានការសារាចរណ៍ឆ្លងកាត់គោលដៅទៀតទេ ។ គ្រាន់តែមានក្រុមក្មេងទំនើងជិះម៉ូតូលឿនហើយបុកបារ៉ាស់ ក្នុងគោលបំណងគេចគោលដៅត្រួតពិនិត្យ ហើយសមត្ថកិច្ចចាប់ឃាត់ខ្លួន មកធ្វើការណែនាំ រួចធ្វើកិច្ចសន្យាតែប៉ុណ្ណោះ ។ ហើយក្នុងមូលដ្ឋានខណ្ឌដង្កោ មានប៉ុសិ៍្តរដ្ឋបាលចំនួន១៣ប៉ុសិ៍្ត និងមានគោលដៅ២៤ម៉ោងប្រហែល២កន្លែងសំខាន់ៗ ដោយឡែកគោលដៅនេះបានធ្វើឲ្យជនល្មើសមានការភ័យខ្លាចរអាជាមួយសមត្ថកិច្ចផងដែរ ។
ក្រោយប្រតិបត្តិការរួច យុវជន២នាក់ ដែលព្យាយាមជិះម៉ូតូរត់គេចខ្លួន ក៏ជ្រុលទៅបុកបារ៉ាស់របស់សមត្ថកិច្ចទាំងកំរោលនោះ ត្រូវបានទំនាក់ទំនងជាមួយអាណាព្យាបាល មកធ្វើការកិច្ចសន្យានិងអប់រំ រួចឲ្យត្រលប់ទៅផ្ទះវិញ ៕ ស តារា